សេដ្ឋកិច្ច

យុទ្ធនាការ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង»បំផុសស្មារតីសហគមន៍រួមគ្នារក្សាអនាម័យ សោភណ័ភាព និងបរិស្ថានល្អ

ដោយៈសិរីមតី
ក្រុងព្រះសីហនុ ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុ និងវិស័យឯកជន កាលពីថ្ងៃទី២៦ខែតុលា បានសហការរួមគ្នាកៀរគរយុវជន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងដៃគូពាក់ព័ន្ធសរុបប្រមាណជាង ៥០០ នាក់ ដើម្បីសម្អាតតំបន់ឆ្នេរអូរឈើទាល នៃក្រុងព្រះសីហនុ ក្រោមស្មារតីតែមួយ ដើម្បីឆ្ពោះទៅកាន់ឆ្នេរស្អាត ឆ្នេរបៃតង និងកម្ពុជាកាន់តែបៃតង។

យុទ្ធនាការនេះ ត្រូវបានផ្តួចផ្តើមឡើងក្រោមមូលបទ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង» ដែលមានគោលបំណងលើសពីការប្រមូលសំរាមពាសវាលពាសកាល នោះគឺ ការបំផុសស្មារតីសហគមន៍ ក៏ដូចជាអំពាវនាវឲ្យមានការយកចិត្តទុកបន្ថែមទៀត និងជំរុញការអនុវត្តប្រកបដោយនិរន្តរភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវភាពបរិសុទ្ធ ភាពបៃតង ក៏ដូចជា ភាពមានអនាម័យ មានសោភ័ណភាព និងមានបរិស្ថានល្អ ដែលជាលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈយុទ្ធនាការនេះ ក៏មានសកម្មភាពសំខាន់ៗមួយចំនួនទៀតរួមមាន ការដាំដើមឈើបន្ថែមនៅតំបន់ឆ្នេរ ការបរិច្ចាគកញ្ចប់ស្បៀងជំនួយបឋមដល់មនុស្សចាស់ជរា ការចែករំលែកអំពើល្អដោយការបរិច្ចាគសម្ភារៈឈប់ប្រើប្រាស់ដោយអ្នកចូលរួម ពោលគឺ «ចាស់អ្នក ថ្មីខ្ញុំ» និងសកម្មភាពកំសាន្តមួយចំនួនទៀត ដើម្បីឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃបរិស្ថានបៃតង និងទំនួលខុសត្រូវរួមគ្នារបស់ប្រជាជនគ្រប់រូប ក្នុងការនាំយកការផ្លាស់ប្តូរជាវិជ្ជមានមកក្នុងសង្គម តាមរយៈការអនុវត្តជាប្រចាំក្នុងជីវភាពប្រចាំថ្ងៃ។

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា «ការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺជាកត្តាដ៏សំខាន់សម្រាប់ភាពរីកចម្រើនយូរអង្វែងរបស់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ តាមរយៈការផ្តល់អាទិភាពដល់ការយកចិត្តទុកដាក់ចំពោះបរិស្ថាន និងសហគមន៍ក្នុងខេត្តព្រះសីហនុ យើងអាចលើកមុខមាត់ក្រុងព្រះសីហនុរបស់យើង បង្កើនភាពទាក់ទាញ បង្កើនភ្ញៀវទេសចរ និងឈានទៅជំរុញសេដ្ឋកិច្ចក្នុងខេត្ត ព្រមទាំងរក្សាបាននូវធនធានធម្មជាតិដ៏មានសក្តានុពលរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ»។ លោកអភិបាលរង ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ យុវជន វិស័យឯកជននិងដៃគូពាក់ព័ន្ធទាំងអស់ ធ្វើការរួមគ្នាជាធ្លុងមួយ ដើម្បីអភិរក្ស និងអភិវឌ្ឍខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលឲ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព»។

លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Cambodia) ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងឧស្សាហកម្មផលិតភេសជ្ជៈនៅកម្ពុជា បានសម្ដែងនូវការគាំទ្រចំពោះសារលើកទឹកចិត្តរបស់រដ្ឋបាលខេត្តព្រះសីហនុ។ លោកបានជំរុញឲ្យមានសកម្មភាព និងចាត់វិធានការរួមគ្នាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលជាបញ្ហារួមរបស់យើង។

លោកអគ្គនាយកបានលើកឡើងថា «សហគមន៍ គឺជាផ្ទះរបស់យើង ដែលស័ក្តិសមនឹងទទួលបានការមើលថែ និងយកចិត្តទុកដាក់ខ្ពស់ពីយើងគ្រប់គ្នា។មិនថាយើងជាអ្នកណា មកពីមជ្ឈដ្ឋានខុសគ្នាបែបណា យើងមានតួនាទី និងទំនួលខុសត្រូវរួមគ្នាមួយ គឺស្រលាញ់ ថែរក្សា ការពារ និងអភិវឌ្ឍផ្ទះរបស់យើងឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក»។ លោកមានសុទិដ្ឋិនិយមថា យុទ្ធនាការនេះនឹងក្លាយជាចលករបំផុសស្មារតីរាល់ការអនុវត្តប្រកបដោយចីរភាពនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនគ្រប់រូប។

គួរបញ្ជាក់ផងដែរថា នេះជាចលនាសម្អាតលើកទី៥ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Camboida) និងដៃគូពាក់ព័ន្ធ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាឥតងាករេរបស់ក្រុមហ៊ុនចំពោះមហ្ឆិតាចីរភាពរបស់ខ្លួន និងជាក្រុមហ៊ុនដែលមានប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់ ស្របតាមគោលបំណងជាសកលរបស់ខ្លួន «អភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក»។

ស្របតាមគោលដៅជាសកលនេះ ខេមប្រ៊ូវ បាននិងកំពុងបន្តភាពសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមរបស់បរិស្ថាន និងសង្គម តាមរយៈកម្មវិធី ESG Program របស់ខ្លួន មានជាអាទិ៍៖ គ្មានការបំភាយកាបូន គ្មានការខ្ជះខ្ជាយទឹក ការប្រគល់ត្រឡប់ទៅឲ្យសហគមន៍វិញនូវទឹកស្អាតស្មើនឹងបរិមាណទឹកដែលបានប្រើប្រាស់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញសេដ្ឋកិច្ចចក្រា និងការបង្កើនអត្រាប្រមូលសំបកវិចខ្ជប់ដើម្បីយកទៅកែច្នៃប្រើប្រាស់ឡើងវិញឲ្យបាន ៩០% នៃបរិមាណដែលយើងបានប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្ម ជាដើម នៅត្រឹម ២០៣០ និង ២០៤០៕