ព័ត៌មានជាតិ

ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្តិភាពនៅខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ ដល់ ភូមិ-ឃុំ-សង្កាត់  មានសុវត្តិភាពរបស់ក្រសួងមហាផ្ទៃ ឆ្នាំ ២០២៤. ២០២៨ នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤ ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានផ្តល់នូវអនុសាសន៍មួយចំនួនដល់អភិបាលរងខេត្ត ស្នងការ មេបញ្ជាការ អភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ត្រូវធ្វើការពិនិត្យពិចារណាយកទៅអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព ។


បន្តពង្រឹងនិងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នការទទួលខុស ត្រូវនិងយកប្រយោជន៍ជាតិជាធំដោយមានកិច្ចសហការល្អ ប្រទាក់ក្រឡាជាមួយអាជ្ញាធរដែនដីស្ថាប័នជំនាញពាក់ព័ន្ធក្នុងការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។

លោកបានបញ្ជាក់ទៀតថា ស្រុក ក្រុង មេឃុំចៅសង្កាត់ ត្រូវខិតខំលើកកម្ពស់ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនៅទូទាំងខេត្ត ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព តាមរយៈ ការចលនា មន្រ្តីរាជការគ្រប់ៗរូប ផ្នែកឯកជន អង្គការ សង្គមស៊ីវិល និងសាធារណជនឲ្យចូលរួមអនុវត្ត ។

លោក ផាន់ ចាន់ធុល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា: សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះ ដែលផ្ដល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យនានាទៀត។

ក្នុងន័យ នេះដើម្បីរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺចាំបាច់បំផុតកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជាសសរទ្រូង នៃប្រទេសជាតិក្នុង ត្រូវការកសាង ការការពារ និងអភិវឌ្ឍន៍ប្រទេស ដូច្នេះកងកម្លាំងត្រូវតែជាធនធាន ៕