ព័ត៌មានជាតិ

តម្រូវឲ្យអ្នកលក់ដូរនៅប្របឆ្នេរព្រែកប្តូរទីតាំងដើម្បីចាប់ផ្តើមរៀបចំសោភ័ណភាព

ដោយ៖ កំចាយ

កំពត÷ អភិបាលខេត្តបានបញ្ជាដល់អាជ្ញាធរក្រុងកំពតចុះណែនាំអាជីវករនៅមុខមន្ទីរពេទ្យបង្អែក និងតាមបណ្តោយប្របឆ្នេរព្រែកត្រើយខាងកើតផ្លាស់ប្តូរទីតាំងលក់ដូរដើម្បីឲ្យក្រុមការងារចាប់ផ្តើមរៀបចំសោភ័ណភាពត្រៀមប្រារព្ធពិធីបុណ្យសមុទ្រ។

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោកអភិបាលខេត្តកំពតបានជូនដំណើរថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសមកពីក្រសួងទេសចរណ៍ចុះពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១។ ក្រុមប្រតិភូបានពិចារណាលើទីតាំងចាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយរហូតដល់សួនច្បាររូបសំណាកព្រះបាទអង្គឌួងដែលអាចជ្រើសយកចំណុចគោលណាមួយសម្រាប់រៀបចំពិធី។ ប៉ុន្តែ ក្នុងចន្លោះនៃរយ:ចម្ងាយនេះ និងនៅចំណុចមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្តហាក់គ្មានសណ្តាប់ធ្នាប់ព្រោះតែការលក់ដូរផ្លែឈើ ម្ហូបអាហារ ក៏ដូចជាបរិក្ខារផ្សេងៗរៀងរាល់ថ្ងៃ។

ជាមួយទិដ្ឋភាពបែបអវិជ្ជមាននេះ លោក ម៉ៅ ធនិន បានដាក់បទបញ្ជាថា អាជ្ញាធរក្រុងកំពតត្រូវចុះណែនាំអាជីវករឲ្យផ្លាស់ប្តូរទីតាំងលក់ដូរដើម្បីក្រុមការងារចាប់ផ្តើមរៀបចំសោភ័ណភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាឆាប់បានសម្រេចរួចរាល់។ ឱកាសនៃពិធីបុណ្យសមុទ្រកាន់តែខិតជិតចូលមកដល់ហើយ។ ដូច្នេះ គ្រប់ផ្នែកពាក់ព័ន្ធមិនត្រូវព្រងើយកន្តើយ ឬអូសបន្លាយពេលវេលាទៀតឡើយ។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ក្នុងខេត្តកំពតនឹងប្រារព្ធនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ ”។ កម្មវិធីបើកជាផ្លូវការនឹងប្រព្រឹត្តឡើងនាថ្ងៃទី១៤ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕