ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានធ្វើប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្លឹបស្តារស៊ីធី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន ០២នាក់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា: ជនសង្ស័យរួមមាន៖ ១-ឈ្មោះ គីតសុដា ផឺមសុវណ្ណ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុកនិងប្រើប្រាស់), ២-ឈ្មោះ សូកាន់តា សាវ៉ាងវង់ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកក្នុងក្លឹប ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ប្រើប្រាស់)។
វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទម្សៅម៉ត់ពណ៌ស (កេតាមីន) ចំនួន ០៦ថង់កិប ទម្ងន់ ៥,៨២ក្រាម, ទូរសព្ទចំនួន ០២គ្រឿង យកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕