សន្ដិសុខសង្គម

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តធុនធំបើកថយក្រោយបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនអកហ្សឺនឹងរថយន្តធុនធំបើកច្រឡំផ្លូវរួចបើករ៉ឺយ៉ែថយក្រោយវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅចំណុចរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿងក្បាលពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-6394បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ។ខណៈពេលបើកមកដល់ចំណុចកើតហេតុគល់ស្ពានអាកាសចោមចៅបម្រុងបួងចង្កូតបត់ចូលតាមផ្លូវក្រោមស្ពានអាកាសចោមចៅក៏ច្រឡំផ្លូវ រួចបើករថយន្តថយមកក្រោយវិញ ស្របពេលនោះមានម៉ូតូ១គ្រឿងម៉ាក ADV ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1KK -1604 បើកដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយតាមបណ្តោយផ្លូវជាតិលេខ៤ស្របទិសគ្នាពីលិចមកកើតក្នុងល្បឿនលឿន។ លុះបើកមកដល់ចំណុចកើតហេតុក៏ជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំពីក្រោយរថយន្តយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលរងរបួសឲ្យធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកអ្នកបើករថយន្តត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើកាវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕