ព័ត៌មានជាតិ

បង្ហាញផែនការស្ថាបនាច្រាំងទន្លេមេគង្គខណៈក្រសួងដឹកគ្រឿងចក្រចូលការដ្ឋានវត្តមាន់ដប់

ដោយ៖ គង់ហេង

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបង្ហាញពីផែនការស្ថាបនាច្រាំងទន្លេមេគង្គឡើងវិញក្រោយពីបានបាក់ស្រុតអស់ចម្ងាយជាង ១១ គីឡូម៉ែត្រដោយសារទឹកជំនន់ទន្លេនេះ ខណៈខាងក្រសួងធនធានទឹក និងឧតុនិយមបាន កំពុងដឹងជញ្ជួនគ្រឿងចក្រចូលការដ្ឋានវត្តមាន់ដប់ ស្រុកស្រីសន្ធរ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ ច្រាំងទន្លេនៅវត្តមាន់ដប់ ស្រុកស្រីសន្ធរ គឺធ្វើឱ្យមាំហើយយកបទពិសោធនៅស្រុកស្រីសន្ធរនេះ ទៅសង់ច្រាំងទន្លេបន្តបន្ទាប់ទៀត…នៅពាមកោះស្នា   ស្រុកស្ទឹងត្រង់ ក្រោយផ្ទះរបស់សម្តេចតេជោ។

ឯកឧត្តមបានបន្ថែមថា៖ បន្ទាប់ពីការដ្ឋានច្រាំងទន្លេក្រោយផ្ទះសម្តេចតេជោហើយ ចូលមកការដ្ឋានច្រាំងទន្លេភូមិបឹងកាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ហើយ ចប់នៅទីនោះ យើងមកបើកការដ្ឋានច្រាំងទន្លេនៅផ្សារជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន និងចុងក្រោយ មកបើកការដ្ឋាននៅព្រែកកុយ ចំណុចផ្ទះបញ្ជាការម្នាក់ដែលរលំបាក់ចូលព្រែកកន្លងមកនោះ។

ឯកឧត្តមបានបន្តថា៖ នេះផែនការស្ថាបនាច្រាំងទន្លេមេគង្គ និងព្រែកនៅខេត្តកំពង់ចាម។ ជាពិសេសកន្លែងដែលមានការបាក់ស្រុតទ្រង់ទ្រាយតូច យើងដាក់ជាពីរក្រុម គឺសាងសង់ឱ្យមាំ មានលក្ខណៈស្តង់ដារ ធានាជាប់បានយូរអង្វែង។ នេះគឺជាដំណាក់កាលនៃការស្តារគ្រោះមហន្តរាយ ដោយត្រូវការពេលវេលា និងការងារច្រើន ដើម្បីការធានា និងការបង្ការ ព្រមទាំងការបង្កើតនូវជំនឿរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរ។

ការបង្ហាញការស្ថាបនាច្រាំងទន្លេ ដែលបានរងការបំផ្លាញដោយសារទឹកជំនន់ទន្លេមេគង្គឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ធ្វើឡើងនៅពេលដែលឯកឧត្តមបានអញ្ជើញចូលរួមកិច្ចប្រជុំមួយនៅក្នុងសាលាខេត្តកំពង់ចាមកាលពីថ្ងៃទី ២៤ តុលាកន្លងទៅ៕