សន្ដិសុខសង្គម

ករណីរួមភេទជាមួយអនីតិជនក្រោមអាយុក្រោម១៥ឆ្នាំ អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូង

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ ការិយាល័យជំនាញបានទទួលពាក្យបណ្ដឹងពីឈ្មោះ ដ.ខ អាយុ៣៦ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ស.គ.រ.ស រស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តកាលពីវេលាម៉ោង០៤ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នេះបើតាមមន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៤។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងមូលដ្ឋានក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការបានចុះស្រាវជ្រាវរកឃើញជនរងគ្រោះនិងជនសង្ស័យនៅក្រុងសិរីសោភ័ណ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន ណយ ភេទប្រុស អាយុ១៧ឆ្នាំ ហើយនាំមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសាកសួរ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា :ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានប្រាប់ថា តាមពិតរូបខ្លួននិងជនរងគ្រោះគឺជាសង្សារនិងគ្នា ហើយក៏ឆ្លើយសារភាពថាបានរួមភេទជាមួយគ្នា  ជាចើនលើករួចមកហើយ។

ដោយផ្អែកលើចម្លើយសារភាព កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ទៀតថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕