ព័ត៌មានជាតិ

លើកកម្ពស់ការយល់ដឹងអំពីចំណីអាហារដែលមានគុណភាព សុវត្ថិភាព និងមានអាហារូបត្ថម្ភសម្រាប់សុខភាពល្អ

ដោយ : បន្ទាយ

កំពង់ធំ : កម្មវិធីអបអរទិវាស្បៀងអាហារពិភពលោក និងយុទ្ធនាការយកធម្មជាតិ បានរៀបចំឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤ នៅសួនច្បារកុមារស្ទឹងសែន ខេត្តកំពង់ធំ។

កម្មវិធីនេះមានការចូលរួមពីលោក យឹម ប៊ុនថេង នាយកប្រតិបត្តិអង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ (កូហ្វាព) និងអ្នកចូលរួមចំនួន ១៧៥ នាក់ ដែលមកពីសហគមន៍ផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន។

លោកយឹម ប៊ុនថេង បានថ្លែងថា : ទិវាស្បៀងអាហារពិភពលោកដែលប្រារព្ធឡើងនៅថ្ងៃទី១៦ ខែតុលា រាល់ឆ្នាំគឺដើម្បីរំលឹកការបង្កើតអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) នៅឆ្នាំ១៩៤៥។ កម្មវិធីនេះមានគោលដៅជំរុញសន្តិសុខស្បៀង និងការដោះស្រាយបញ្ហាអត់ឃ្លាននៅទូទាំងពិភពលោក។

លោកញឹក បានខេង អភិបាលរងខេត្តកំពង់ធំបានកត់សម្គាល់ថា : កម្មវិធីនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងអំពីចំណីអាហារដែលមានគុណភាព សុវត្ថិភាព និងមានអាហារូបត្ថម្ភសម្រាប់សុខភាពល្អ។ ជំរុញឲ្យមានកសិផលសុវត្ថិភាពផលិតដោយកសិករខ្នាតតូចក្នុងតំបន់។

លោកបានបានលើកឡើងថា ទិវានេះអនុម័តប្រធានបទថ្មីៗជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីផ្នែកដែលត្រូវការយកចិត្តទុកដាក់បំផុត។ ក្នុងឆ្នាំ ២០២៤ នេះ FAO បានប្តេជ្ញាចែករំលែកសារថា “សិទ្ធិទទួលបានអាហារ ដើម្បីអនាគតល្អប្រសើរ” ដែលលើកទឹកចិត្តឲ្យមនុស្សគ្រប់រូបមានសិទ្ធិទទួលបានអាហារបរិភោគគ្រប់គ្រាន់សម្រាប់សុខភាពល្អ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះទទួលបានការចូលរួម និងគាំទ្រពីអង្គការផ្សេងៗដូចជា អាក់សិនអេតកម្ពុជា ទស្សនៈពិភពលោក កូហ្វាព RACHA HOM CoDeC EHE AFD ហេនឡេនខេល័រ RTI CARITAS ANKO និង UNI4COOP ៕