ដោយ :បន្ទាយ
បន្ទាយមានជ័យ ៖ ពិធីអបអរសាទរខួបលើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល» ដែលមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនិងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យបានធ្វើឡើងនៅបរិវេណសាលាឃុំសិង្ហ ស្រុកអូរជ្រៅ ដោយមានការចូលរួមពីអភិបាលរងស្រុកអូរជ្រៅ មន្ទីរជុំវិញខេត្ត និងជនវ័យចាស់ប្រមាណជា២០០នាក់។
ជាមួយគ្នានោះ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានលើកឡើងថា :មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង សរុបចំនួន ៧៤.១៨៣ នាក់/ ស្រី៤១.៩៥៣នាក់ ក្នុងនោះមនុស្សចាស់ចំនួន ១៨.៨៩៧នាក់/ ស្រី ១០.២១២នាក់ បានទទួលប្រាក់ឧត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីកញ្ចប់គ្រួសារ។
លោកបន្តថា៖សមាគមមនុស្សចាស់មានចំនួន ៦៧ឃុំ/សង្កាត់ ដំណើរការបាន ៤១ឃុំ សង្កាត់ មានចំនួន ៤៤ សមាគម (ដំណើរការល្អ ២១,ដំណើរការមធ្យម ១៥, ដំណើរការខ្សោយ ៨) សមាជិកសរុប ចំនួន ១៥.៤៤៨នាក់ ស្រី៩.៦២០នាក់ ថវិកាសរុប ២៥៤.២៧៣.៧០០រៀល។
ឯក្នុងស្រុកអូរជ្រៅមានចំនួន ៧សមាគម ដំណើរការបាន២ឃុំ មានចំនួន ៣សមាគម រួមមានៈ ឃុំសិង្ហចំនួន ២សមាគម ឃុំកូបចំនួន ១សមាគម សមាជិកសរុប ៥៩៩នាក់ ស្រី ៣៥២នាក់ ស្មើនឹងទឹកប្រាក់ ២៥.៩៣០.០០០រៀល។
កន្លងមកសមាគមបានចុះសួរសុខទុក្ខ និងចែកអំណោយដល់ជនចាស់ជរាក្រីក្រចាប់ពីអាយុ ៧០ឆ្នាំឡើង ចំនួន ២៤២២នាក់, ក្នុងម្នាក់ៗទទួល បានឃីត០១កញ្ចប់ និងថវិកាមួយចំនួន។
ក្នុងឱកាសនោះ លោកស្រី រស់ សុផានី អភិបាលរងខេត្ត បានថ្លែងថា ការបង្កើតសមាគមមនុស្សចាស់ឃុំ សង្កាត់ មានគោលបំណងលើកកម្ពស់ជីវភាព និងបណ្តាញសុវត្ថិភាព តាមរយៈការគាំទ្រពីសហគមន៍ខ្លួនឯង សប្បុរសជន អង្គការសង្គមស៊ីវិល ម្ចាស់ជំនួយ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងរាជរដ្ឋាភិបាល ៕