សន្ដិសុខសង្គម

សាលាឧទ្ធរណ៍រក្សាការដាក់គុកឃាត.កអស់មួយជីវិតសំណុំរឿងឃាត.កម្មគិតទុកជាមុនកូនដើមស.ម្លាប់ឪចុងនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង

ដោយ : បន្ទាយ

បាត់ដំបង៖សំណុំរឿងឃាត.កម្មគិតទុកជាមុនដែលកូនដើមរៀបចំគម្រោងស.ម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងកាលពីជិត១ឆ្នាំមុន ត្រូវបានសាលាឧទ្ធរណ៍តំបន់បាត់ដំបងរក្សាទុកជាបានការរបស់សាលាដំបូងខេត្ត ដែលបានសម្រេចផ្តន្ទាទោសដាក់គុកកូនដើមជាឃាត.កនោះ អស់មួយជីវិត។

នេះបើតាមការប្រកាសាលដីកាមួយរបស់ស្ថាប័ននេះ កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ ហើយសារព័ត៌មានទទួលបានការអោយដឹងនៅថ្ងៃទី២៤ខែតុលា ។

សូមរំលឹកថា ឃាតកម្មនោះប្រព្រឹត្តកាលពីម៉ោង៦និង១៣នាទីព្រលប់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះនាក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។

ជនជាប់ចោទដែលជាឃាតកមានឈ្មោះវណ្ណាវី វិជ្ជន:(វច្ឆណ:)ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំ កម្រឹតវប្បធម៌អនុបណ្ឌិតព័ត៌មានវិទ្យានៅប្រទេសអូស្ត្រាលី មុខរបរពុំពិតប្រាកដ ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង។ ជនជាប់ចោទត្រូវជាកូនដើម ។

ចំណែកជនរងគ្រោះមានឈ្មោះ ហៃ សុភ័ក្ត្រ ភេទប្រុស អាយុ៦៥ឆ្នាំ (ជាវរសេនីយ៍ត្រីនគរបាលចូលនិវត្តន៍) មុខរបរធ្វើចម្ការ ។ ជនរងគ្រោះនិងប្រពន្ធចុង(ម្តាយរបស់ជនជាប់ចោទ) មាននៅទីលំនៅក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។

ប្រភពព័ត៌មានបានអោយដឹងថា : កាលនៅសាលាដំបូងខេត្តបាត់ដំបង  នេះជាសំណុំរឿងព្រហ្មទណ្ឌលេខ:១៥៩០ ចុះថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣ ។ ហើយជាសំណុំរឿងជំនុំជម្រះលេខ:៣២៧ចុះថ្ងៃទី០៨ខែមេសាឆ្នាំ២០២៤  ។

បន្ទាប់មកក្រុមប្រឹក្សាជម្រះដែលមានលោកស្រីហៃ ណៃហេង ជាចៅក្រមនិងប្រធាននិងតំណាងអយ្យការគឺលោកជួង សារ៉ន បានជំនំជម្រះ ហើយចេញសាលក្រមព្រហ្មទណ្ឌលេខ៩៣១”គ”ចុះថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៤ ដោយសម្រេចថា :

១-ផ្តន្ទាទោសឈ្មោះវណ្ណាវី វិជ្ជន:(វច្ឆណ:)ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំដាក់ពន្ធនាគារ ” អស់មួយជីវិត” ពីបទ”ឃាតកម្មគិតទុកជាមុន”ប្រព្រឹត្តនៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង  កាលពីថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣  ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។

២-បង្គាប់ជនជាប់ចោទសងជំងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះហៃ លក្ខិណា (កូនស្រីរបស់ជនរងគ្រោះ) ចំនួន១.០០០លានរៀល ជាដើម។

ចំណែកសាលាឧទ្ធរណ៍ដែលមានលោកអ៊ី ឃាង ជាចៅក្រមនិងជាប្រធានចៅក្រមក្រុមប្រឹក្សាជំនំជម្រះនិងលោកហ៊ីង ប៊ុនថន ជាតំណាងមហាអយ្យការ បន្ទាប់ពីជំនំជម្រះសំណុំរឿងនេះកាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤កន្លងមក លុះដល់ថ្ងៃទី២៣ខែតុលា បានចេញប្រកាសសាលដីកាព្រហ្មទណ្ឌដោយបានរក្សាទុកជាបានការរបស់សាលាដំបូងខេត្ត ដែលបានសម្រេចផ្តន្ទាទោសជនជាប់ចោទគឺឃាតកដាក់គុក១ជីវិតដដែល ។

ប៉ុន្តែបានបន្ថយសំណងជំងឺចិត្តពី១.០០០លានរៀលមកត្រឹម៦០០លានរៀលវិញ ។

នៅក្នុងដំណើរការសំណុំរឿងនិងជំនំជម្រះ ទាំងជនជាប់ចោទនិងដើមបណ្តឹងរដ្ឋប្បវេណី សុទ្ធតែមានមេធាវីជាច្រើននាក់ការពារសិទ្ធិរបស់ខ្លួនផងដែរ

សូមរំលឹកជូនជ្រាបថា ក្រោយឃា.តកម្មឃោរឃៅល្បីខ្ចរខ្ចាយដែលប្រជាជន មហាជនចាប់អារម្មណ៍មួយនេះ ឃាតកបានរត់គេចខ្លួនដោយបង្វែងដានទៅ -មកតាមគោលដៅច្រើនកន្លែង។

ប៉ុន្តែក្នុងនោះ លោកឧត្តមសេនីយ៍ត្រីលឹម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាអោយកម្លាំងនគរបាលខេត្ត កម្លាំងជំនាញព្រហ្មទណ្ឌរបស់ខេត្តនិងរបស់អធិការដ្ឋានស្រុកភ្នំព្រឹកចុះទៅដល់កន្លែងកើតហេតុ ហ៊ុមព័ទ្ធទីតាំង សាកសួរព័ត៌មាននិងកំណត់មុខសញ្ញា ។ជាមួយនោះបានសុំបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនិងការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ។

តមក ដោយមានការចង្អុលបង្ហាញនិងបទបញ្ជារលោកនាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន  រយ:ពេលជិត១សប្តាហ៍គឺរហូតដល់ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៣  កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនិងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក៏ដូចជាកម្លាំងអធិការស្រុកវាលវែង បានឃាត់ខ្លួនជនសង័្សយនៅចំណុចមុខកាស៊ីណូអន្តរជាតិដាយមិនស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ ។

កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តបាត់ដំបង បានទទួលកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យ វត្ថុតាងទៅតុលាការខេត្ត។

សូមបញ្ជាក់ដែរថា ជនរងគ្រោះបានក្លាយជាប្តីចុងរបស់អ្នកស្រីថោង ណាវី  តាំងពីជនជាប់ចោទ វណ្ណាវី វិជ្ជន:ហៅដែន នៅតូច ហើយគាត់បានចិញ្ចឹមបីបាច់និងទុកដូចជាកូន ក្នុងគ្រួសារតែមួយ។

លុះដល់វណ្ណាវី វិជ្ជន:ហៅដែននេះចម្រើនវ័យនិងធំឡើង បានទៅរៀននៅក្នុងនិងក្រៅប្រទេស ហើយវិលមកប្រទេសវិញ។

ដោយបានទទួលការអប់រំ និងប្រាស្រ័យទាក់ទងនឹងមជ្ឈដ្ឋានខាងក្រៅ កូនដើមនេះមិនសូវស្តាប់ដំបូន្មានឡើយ  ហើយតែងបង្ករឿងនឹងឪពុកចុងនិងអុកឡុកក្នុងគ្រួសារ ។

មុនកើតហេតុ ជនជាប់ចោទនិងជនរងគ្រោះមានទំនាស់នឹងគ្នាខ្លាំងជាញឹកញាប់ ។ ជនរងគ្រោះរស់នៅក្នុងភាពភ័យខ្លាច  បៀមទុក្ខនិងរងការគម្រាមកំហែងអាយុជីវិតជាបន្តបន្ទាប់ ។ជនជាប់ចោទរៀបចំគម្រោងសម្លាប់ជនរងគ្រោះដែលជាឪពុកចុងនេះ ។

ទីបំផុត ជនជាប់ចោទបើកម៉ូតូម្នាក់ឯងពីក្រុងបាត់ដំបង មកដល់ផ្ទះជនរងគ្រោះនៅស្រុកភ្នំព្រឹកដល់នៅពេលព្រលប់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៣ ទាំងខ្លួនកំពុងស្រវឹងស្រានិងមានកំហឹង ។

ជនជាប់ចោទទុកម៉ូតូក្រៅរបង រួចទៅបិទគុបដើម្បីផ្តាច់ភ្លើងនិងកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះ ហើយសម្រុកចូលទៅចា.ក់នឹងកាំ.បិតចុងស្រួចលើជនរងគ្រោះពីផ្នែកខាងក្រោយជាច្រើនកន្លែងបណ្តាលអោយដេកដួលក្នុងថ្លុកឈាម ហើយបានស្លាប់។

ទាក់ទិនឃាតកម្មគិតទុកជាមុននេះ  បើយោងរូបភាពឃ្លីបវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពរបស់ផ្ទះនៃជនរងគ្រោះ ដែលថតម្តុំថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣ គេឃើញជនជាប់ចោទនេះបានធ្វើអាកប្បកិរិយាព្រហើនកោងកាច ប្រើកាំ.បិតចុងស្រួចសង្កួត ចាក់តុបាយខ្លាំងនិងរូបភាពបន្ទាប់មកទៀត ឃើញទៅបុកទ្វារបន្ទប់ដេក គម្រាមជីវិតជនរងគ្រោះផងដែរ ។និងរូបភាព១ទៀតថតនៅម៉ោង៦និង៤២នាទីយប់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៣ គឺបន្ទាប់មានចរន្តអគ្គិសនីនិងកាមេរ៉ាដើរឡើងវិញ ហើយក្នុងផ្ទះក៏មានភ្លើងភ្លឺ គេឃើញកៅអីដែលជនរងគ្រោះអង្គុយ បានដួល ។

ឯនៅលើកម្រាលឥដ្ឋមានស្លាកស្នាមឈាម ត្បិតជនជាប់ចោទនិងម្តាយរបស់គេសម្អាតមិនទាន់ស្អាត នៅក្រោយឃាតកម្មនោះ ។

យោងប្រភពខាងលើបានបន្តទៀតថា : នៅឯពេលសួរចម្លើយនិងសួរបំភ្លឺវិញ ការផ្តល់ភស្តុតាងនិងសាក្សី ទាំងក្នុងអង្គហេតុ ទាំងក្នុងអង្គច្បាប់ នៅកន្លែងសមត្ថកិច្ចនគរបាល ,នៅតំណាងអយ្យការនិងចៅក្រមស៊ើបសួរ ក៏ដូចក្នុងពេលសវនាការជំនំជម្រះចំពោះមុខ បានបង្ហាញថា : ជនជាប់ចោទបានបង្កហេតុ មានកំហឹង គុំគួននិងរៀបចំគម្រោងឃា.តកម្មនេះ ។

ហេតុដូច្នេះហើយ នៅពេលកើតហេតុ ជនជាប់ចោទនេះបានប្រើកាំបិ.តចុងស្រួចវាយប្រ.ហារពីក្រោយខ្នងជនរងគ្រោះដោយមិនអោយតដៃបាន ដូចជាចា.ក់លិចជ្រៅៗច្រើនកាំ.បិតចំកញ្ចឹងក ត្រចៀកខាងស្តាំ ស្មារខាងឆ្វេង ត្រចៀកខាងឆ្វេងបណ្តាលអោយដួលដេក.ស្លាប់ក្នុងថ្លុកឈាម។

ប្រភពព័ត៌មានផ្សេងទៀតអោយដឹងដែរថា : ទោះជាយ៉ាងនេះក្តី ក៏ជនជាប់ចោទនៅបានឆ្លើយបដិសេធនិងផ្លាស់ប្តូរចម្លើយ នៅពេលបំភ្លឺទៅសមត្ថកិច្ចអនុវត្តច្បាប់ទាំងនៅដំណាក់កាលស្រាវជ្រាវ ស៊ើបសួរនិងដំណាក់កាលជំនុំជម្រះ  ហើយក៏ស្នើសុំប្តូរបទចោទផងដែរ ។

បន្ទាប់ពីសំណុំរឿងឃា.តកម្មនេះ បានត្រូវនាំមកជំនំជម្រះ នៅសាលាដំបូងខេត្តនិងបន្ទាប់មកនៅសាលាឧទ្ធរណ៍តំបន់ក្នុងខេត្តបាត់ដំបង ហើយបានចេញសាលក្រម និងចេញសាលដីកាផ្តន្ទាទោសជនជាប់ចោទជាឃាតកអោយជាប់ពន្ធនាគារអស់មួយជីវីតនិងសងជំងឺចិត្តមកដើមបណ្តឹងរដ្ឋប្បវេណីផងនោះ   ។

ជាចុងក្រោយ ក្រុមគ្រួសារជនរងគ្រោះសូមគោរពជូនពរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីសមត្ថកិច្ចស្ថាប័នអនុវត្តច្បាប់គ្រប់ថ្នាក់ក្រោមដំបូលនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានបំបែកសំណុំរឿងឃា.តកម្មគិតទុកជាមុនមួយនេះ ។

នេះជាសក្ខីភាពនៃការផ្តល់នូវជំនឿទុកចិត្ត , ភាពកក់ក្តៅនិងការធានាថា ជនរងគ្រោះតែងតែទទួលបានភាពយុត្តិធម័ហើយជនជាប់ចោទ ក៏ទទួលបាននូវផលដែលខ្លួនប្រព្រឹត្តល្មើសផងដែរ ៕