ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងជួបកីឡាករចំណុះទូក​ង​របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចាត់តំណាងគឺឱ្យលោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី ស្នងការរង និងសហការី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករទូក​ ង​ “ព្រះខ័ន​សឹកមហាជាមានជ័យបារមីបរិស័ទសាមគ្គី”​ ដែលជាទូក​របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ត្រៀមចូលរួមប្រណាំងនៅដងស្ទឹងសិរីសោភ័ណ​នាបរិវេណ​សាកលវិទ្យាល័យជាតិ​មានជ័យ​ ស្ថិតនៅភូមិបាណយ​សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែតុលា  ឆ្នាំ២០២៤ ខាងមុខ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី​ វ៉ាត ចន្ថា ក៏បានធ្វើការពាំនាំការផ្ដាំផ្ញើពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យដល់កីឡាករជាចំណុះទូកង ទាំងអស់​ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព​ដើម្បីដណ្តើមយកជយលាភី​ជូនដល់អង្គភាព​ ។

ជាពិសេសមុនពេលប្រណាំងទូក​ កីឡាករត្រូវថែរក្សាសុខភាពឱ្យបានល្អតាមរយៈការហូបស្អាត​ ផឹកស្អាត​ ប្រកបដោយអនាម័យ​ ចៀសវាងនូវការបរិភោគនូវអាហារដែលប៉ះពាល់ដល់សុខភាព​ ជាពិសេសការពិសាគ្រឿងស្រវឹងជាដើម​។

សូមបញ្ជាក់ថា : លោកឧត្តមសេនីយ៍ស្នងការ​ក៏បានឧបត្ថម្ភ​នូវ​ថវិកាចំនួន ៤,០០០,០០០រៀល , អង្ករចំនួន ​២ការុង ​, ទឹកសុទ្ធសឹង្ហចំនួន ៥០យួរ  , ​ខោអាវមួក ចំនួន ៧០កំប្លេ , ទឹកត្រី​ចំនួន៥យួរ,​ ទឹកស៊ីអ៊ីវចំនួន​៥យួរ​ , មីចំនួន ៦កេសតូច , ត្រី ខ ចំនួន ៦យួរ ដល់កីឡាករទូក ដើម្បីប្រើប្រាស់ការចំណាយប្រចាំថ្ងៃផងដែរ៕