ព័ត៌មានជាតិ

អាជ្ញាធរ ជំនាញអប់រំនិងដៃគូអភិវឌ្ឍន៍ជំរុញលើកទឹកចិត្តការបណ្តុះបណ្តាលធនធានមនុស្សពីមូលដ្ឋាន

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ស្រុក ឃុំ មន្ទីរ ការិយាល័យជំនាញអប់រំ យុវជននិងកីឡា និងអង្គការហ្គូដណេបឺស-កម្ពុជាដែលជាដៃគូអភិវឌ្ឍន៍កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ បានជំរុញលើកទឹកចិត្តការបណ្តុះបណ្តាលធនធានមនុស្សតាំងពីកុមារ យុវជនចេញពីមូលដ្ឋានជនបទនិងទីប្រជុំមកតែម្តង។

ការលើកឡើងដូច្នេះ នៅពេលអញ្ជើញជាអធិបតីនិងចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមជ្ឈមណ្ឌលសិក្សា១ខ្នងស្មើនឹង៣បន្ទប់ បំពាក់កុំព្យូទ័រ និងបរិធាននៃអនុវិទ្យាល័យសំរោងមានជ័យនៅឃុំសំរោងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅមានប្រសាសន៍ថា: ក្នុងនាមអាជ្ញាធរ សមត្ថកិច្ចជំនាញ គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនកូរ៉េនិងថ្នាក់ដឹកនាំ បុគ្គលិកអង្គការហ្គូដណេបឺស-កម្ពុជា(Good Neigbours,​ Cambodia ) ដែលជាដៃគូអភិវឌ្ឍន៍មកពីប្រទេសកូរ៉េខាងត្បូងដែលបានជួយកសាងអគារសិក្សា១ខ្នងស្មើនឹង៣បន្ទប់ បំពាក់កុំព្យូទ័រ និងបរិធាននៃសាលាអនុវិទ្យាល័យសំរោងមានជ័យ ហើយត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។

សម្ភារ បរិក្ខាររួមមាន៖ តុ.កៅអីគ្រូ តុ កៅអីសិស្ស កំព្យូទ័រលើតុ ម៉ាស៊ីនបោះពុម្ពឯកសារ ទូរទស្សន៍ ធុងបាស់ ម៉ាស៊ីនបញ្ចាំងស្លាយ LCD  សៀវភៅអាននិងឯកសារសម្រាប់សិស្សអានក្នុងបណ្ណាល័យនិងសង្ហារិមជាច្រើនទៀត គឺចំណាយអស់ថវិកាចំនួនសរុប ១១៥.៧៥០ដុល្លាសហរដ្ឋអាមេរិក។

អគារមជ្ឈមណ្ឌលធនធានសិក្សានេះមានទទឹង៩ម៉ែត្រ និងបណ្តោយ២៣ម៉ែត្រ សង់អំពីថ្ម ប្រក់ក្បឿង ដែលចាប់ផ្តើមសាងសង់នៅថ្ងៃទី៦ខែមេសា ឆ្នាំ ២០២៤ បញ្ចប់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមជំនួយឧបត្ថម្ភពីអង្គការហ្គុដណេប៊ឺសកម្ពុជា ប្រទេសកូរ៉ខាងត្បូង។

នាឱកាសនោះ ចាង ដុងវង (Mr Jang Dongwoong) អង្គការហ្គុដណេប៊ឺសកម្ពុជា ប្រទេសកូរ៉េខាងត្បូងបានថ្លែងថា : សប្បុរសជនជាប្រជាជនកូរ៉េតាមរយ:អង្គការនេះ បានតាំងចិត្តនិងបន្តខិតខំរៃអង្គាសមូលនិធិដើម្បីផ្តល់មកឲ្យអនុវត្តគម្រោងនានាជួយដល់ប្រជាជនកម្ពុជា ដូចកន្លងមកនិងពេលនេះ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកសាង អភិវឌ្ឍនិងពង្រឹងគុណភាពធនធានមនុស្សតៃងពីកុមារភាព យុវជននៅតំបន់ជនបទ និងទីប្រជុំជនតែម្តងដើម្បីអោយពួកមានចំណេះជំនាញសម្រាប់អនាគតត្រចះត្រចង់ឡើងទៀត។

 

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា:ជំនួយនិងការកសាងអគារមជ្ឈមណ្ឌលធនធានសិក្សានិងបំពាក់បរិធានបណ្តុះបណ្តាលនេះពិតជាឆ្លើយតបចំគោលបំណងនិងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនិងកូនចៅរបស់របស់ពួកគេនៅតំបន់ជនបទនេះ ហើយរឹងរឹតតែត្រូវនឹងការអភិវឌ្ឍន៍វិស័យអប់រំដែលជាគោលដៅក្នុងការលើកកម្ពស់គុណភាពនៃធនធានមនុស្ស ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំណត់អាទិភាពគន្លឹះទាំង៥ ដោយផ្តើមពី”មនុស្ស”ជាចម្បង។ ជារួមគឺមនុស្ស ផ្លូវ ភ្លើង ទឹកនិងបច្ចេកវិទ្យា ។

ក្នុងនោះលោកអ៊ុំ រាត្រី ក៏បានធ្វើការផ្តាំផ្ញើដល់ លោកគ្រូអ្នកគ្រូ មាតាបិតាសិស្សទាំងអស់ ថាក្រោយពីមានអគារអគារនិងបរិធានថ្មីហើយនោះសូមប្រើប្រាស់និងទាញយកផលប្រយោជន៍អោយអស់លទ្ធភាពក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស ហើយពេលនេះ សូមអ្នកអាណាព្យាបាល ឪពុកម្តាយប្រញាប់នាំកូនចៅដល់អាយុនិងសិស្សចាស់ទៅចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២៥ ។

នៅចុងនៃកម្មពិធី គណៈអធិបតីនិងភ្ញៀវបានអញ្ជើញបំពាក់មេដាយឥស្សរិយយស ជូនប័ណ្ណសរសើរនិងលិខិតថ្លែងអំណរគុណដល់សប្បរសជនបរទេសនិងកម្ពុជា ,ផ្តល់អំណោយដល់ពលរដ្ឋ លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ,កាត់ខ្សែបូសម្ពោធអគារ ,ចារលើសៀវភៅក្រាំងមាស ,ទស្សនាបន្ទប់និងបរិធានបំពាក់ ,ដាំដើមឈើ”បណ្តុះធនធានមនុស្ស”,ថតរូបអនុស្សាវរីយ៍ ជានិមិត្តរូបនៃការប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនិងអបអរបវេសនកាលឆ្នាំថ្មី៕