សន្ដិសុខសង្គម

អគ្គិភ័យឆាបឆេះផ្ទះវីឡាមួយកន្លែងនៅបុរីវីឡាទួលសង្កែ ក្បែរក្លឹបវាយកូនហ្គោលរងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ៖វីឡាមួយកន្លែងស្ថិតនៅបុរីវីឡាទួលសង្កែ ក្បែរក្លឹបវាយកូនហ្គោល ត្រូវបានអគ្គិភ័យឆាបឆេះផ្សែងហុយខ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅម៉ោង ១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែតុលាឆ្នាំ ២០២៤ នៅចំណុចវីឡាលេខ J.៤៥ ក្នុងបុរីវីឡាទួលសង្កែ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមព័ត៌មានបានដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីវីឡាដែលម្ចាស់ចាក់សោទុកចោលមានផ្សែងហុយខ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង ហើយបានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍បាញ់ពន្លត់។

នគរបាលមូលដ្ឋានបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងបានចេញទៅអន្តរាគមន៍បាញ់ពន្លត់ ក្នុងនោះមានរថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញចំនួន ៤គ្រឿង និងរថយន្តរបស់សាលាខណ្ឌឫស្សីកែវចំនួន១គ្រឿង។

ប្រភពខាងលើបានឲ្យដឹងទៀតថា អគ្គិភ័យនេះបណ្ដាលឲ្យសម្ភារមួយចំនួននៅក្នុងវីឡាខាងលើបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ទាក់ទិនការកើតមានអគ្គិភ័យនេះគេសង្ស័យថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីខណៈដែលម្ចាស់ផ្ទះចាក់សោទុកចោល៕