សន្ដិសុខសង្គម

ឆេះផ្ទះពលរដ្ឋជាច្រើនខ្នងប៉ះពាល់ខូចខាតជិត៣០ម៉ឺនដុល្លារក្បែរទំនប់កំពីងពួយខេត្តបាត់ដំបង

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង: ឆេះផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នងនៅរំលងអធ្រាត្រ លើតំបន់អាងកំពីងពួយ ខូចខាតអស់ទ្រព្យសម្បត្តិជិត ៣០ម៉ឺនដុល្លារ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនៅអំឡុងវេលាម៉ោង ១១និង៣០នាទីជិតរំលងអធ្រាត្រថ្ងៃទី២៣ ឈានចូលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ នៅចំណុចសំណង់ទំនប់ទី២ ផ្សារកំពីងពួយ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

ករណីអគ្គិភ័យខាងលើនេះបានបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋទាំងស្រុងអស់ចំនួន ៥ខ្នង ក្នុងនោះខ្នងផ្ទះទី១ ម្ចាស់ផ្ទះឈ្មោះ មឿង ប៊ុនថន ភេទប្រុស អាយុ៥៨ឆ្នាំ ទំហំ ៤០x៦ម៉ែត្រ ធ្វើពីថ្មក្រោម ប្រក់ស័ង្កសី ខូចខាតទ្រព្យសម្បត្តិប្រមាណជា ២ម៉ឺនដុល្លារ, ខ្នងផ្ទះទី២ ម្ចាស់ផ្ទះឈ្មោះ មាស ញឿន ភេទប្រុស អាយុ៥២ឆ្នាំ ធ្វើពីដែកប្រក់ស័ង្កសី មានទំហំ ៥០.៥x៤០ម៉ែត្រ ខូចខាតជាង ៤ម៉ឺនដុល្លារ, ខ្នងផ្ទះទី៣ ម្ចាស់ផ្ទះឈ្មោះផាន់ ចំរើន ភេទស្រីអាយុ៥៣ឆ្នាំ ប៉ះពាល់ខូចខាតជាង ៣ម៉ឺនដុល្លារ, ខ្នងផ្ទះទី៤ ម្ចាស់ផ្ទះឈ្មោះ ស៊ូ ណា ភេទស្រី អាយុ៦៦ឆ្នាំ ទំហំ ៤០x១២ម៉ែត្រ ធ្វើពីឈើប្រក់សង្កសី ខូចខាតទ្រព្យសម្បត្តិជាង ១ម៉ឺនដុល្លារ និងខ្នងផ្ទះទី៥ ម្ចាស់ផ្ទះឈ្មោះ អ៊ិន សារ៉េត ភេទប្រុស អាយុ ៥៧ឆ្នាំ ផ្ទះទំហំ ៤០x៩.៥០ម៉ែត្រ ធ្វើអំពីថ្មក្រោម ប្រក់ស័ង្កសី ខូចខាតទ្រព្យសម្បត្តិប្រហែល ២២៥.០០០ដុល្លារ រថយន្តលុចស៊ីស ៣៣០មួយគ្រឿង។

ករណីអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង ជួយអន្តរាគមន៍ពន្លត់ទប់ស្កាត់ការរាលដាល។ កម្លាំងនគរបាលនៅមិនទាន់ដឹងអំពីមូលហេតុនៃការឆេះនៅឡើយទេដោយកំពុងស្រាវជ្រាវ៕