ព័ត៌មានជាតិ

អភិបាលខេត្តសុំក្រសួងជួយសាងសង់ផ្លូវដែលខូចដោយទឹកជំនន់នៅស្រុកស្ទឹងត្រង់ជាប្រភេទផ្លូវបេតុពន្លិចទឹក

ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានសំណូមពរសុំឱ្យក្រសួងអភិវឌ្ឍន៍ជនបទ មេត្តាជួយស្ថាបនាសាងសង់ផ្លូវភូមិអូររុន ទៅ ភូមិឈើទើរ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ជាប្រភេទផ្លូវបេតុងពន្លិចទឹក ពោល គឺសូមយកស្តង់ដារប្រភេទផ្លូវបេតុង នៅស្រុកកោះសូទិន។

សំណូមពររបស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានសំណូមពរយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពីការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ឆ្នាំ២០២៤-២០២៨ និងប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយ«ភូមិឃុំសង្កាត់មានសុវត្ថិភាព» នៅក្នុងសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៤ តុលានេះ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ ផ្លូវរងការខូចខាតរបស់អភិវឌ្ឍន៍ជនបទអស់ចម្ងាយ ៣៧ គីឡូម៉ែត្រ គឺខូចខាតទាំងស្រុង។ សូមឱ្យជួយដោះស្រាយបន្ទាន់ នៅស្រុកស្ទឹងត្រង់ពីចាប់ពីភូមិអូររុន ទៅភូមិឈើទើរ ឃុំខ្ពបតាងួន ដោយសារទឹកជំនន់ទន្លេមេគង្គទើបបានស្រកចុះនៅពេលថ្មីនេះ ។

ឯកឧត្តមបានបន្ថែមថា៖ សូមក្រសួងអភិវឌ្ឍន៍ជនបទមេត្តាជួយស្ថាបនាយកស្តង់ដារ ជាផ្លូវបេតុង នៅស្រុកកោះសូទិន គឺជាប្រភេទផ្លូវបេតុងពន្លិចទឹកបង្កើតជាទំនប់បង្ហៀរតែម្តង។ បើសិនធ្វើផ្លូផ្លូវក្រាលកៅស៊ូទៀត ទឹកភ្លៀងហូររបើកខូចខាតអស់ទៀតហើយ។អ៊ីចឹងជ្រុលធ្វើហើយ គឺធ្វើផ្លូវបេតុងពន្លិចទឹក បែបទំនប់បង្ហៀរ ប្រើប្រាស់យូរអង្វែងតែម្តង សូមធ្វើតាមស្ថានភាពភូមិសាស្រ្តទីនោះ។

ឯកឧត្តមបានបន្តថា៖ ដូច្នេះសុំឱ្យក្រសួងប្រើប្រាស់ថវិកាបន្ទាន់ របស់គ្រោះមហន្តរាយ គឺសាងសង់ផ្លូវបេតុងជារូបភាពទំនប់បង្ហៀរទើបធានាបាន ចំពោះផ្លូវពីខាងភូមិអូររុនទៅកាន់ភូមិឈើទើរ ។នេះជាដំណាក់កាលស្តារ៕