សន្ដិសុខសង្គម

កម្លាំងនគរបាលក្រុងប៉ោយប៉ែតឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេ ហូលីវូត(B89 KTV)  ចាប់មនុស្ស៤នាក់ប្រើគ្រឿងញៀនក្នុងបន្ទប់

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេយីហោ ហូលីវូត(B9 KTV) ដោយឃាត់មនុស្ស៤នាក់ ដែលប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ខារ៉ាអូខេខាងលើ កាលពីរំលងអធាត្រឈានចូលថ្ងៃទី២០ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលក្រុងប៉ោយប៉ែត ទទួលផ្នែកប្រឆាំងគ្រឿងញៀនបានឲ្យដឹងនៅថ្ងៃទី២១ ខែតុលាថា : ដោយមានការចុះផ្សាយពីសារព័ត៌មានថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅ ខេ ធី វី និងក្លឹបមួយកន្លែងយីហោហូលីវូត ។

តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងមានការការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យបានចុះទៅដល់ទីតាំង។

ពេលចុះទៅដល់ ឃើញមានមានចងខ្សែនិងដាក់ស្លាកហាមចូលនៅមាត់ទ្វារចូល និងពុំមានភ្លើងបើកនោះទេ។

ដោយមានការសហការជាមួយសន្តិសុខ ដែលមើលការនៅទីនោះ កម្លាំងបានចូលទៅត្រួតពិនិត្យ ឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់ យីហោDIOR ឃាត់ខ្លួនបានចំនួន៨នាក់/ស្រី៤នាក់ សម្ភារនិងវត្ថុតាងមាន៖

១-ថង់កឹបសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ (ប្រើប្រាស់អស់), ២-ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀន០១, និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន៤នាក់ ,អវិជ្ជមាន៤នាក់។

លោក កែវ ដូល បញ្ជាក់ប្រាប់ថា ក្នុងនោះកម្លាំងបានត្រួតពិនិត្យគ្រប់បន្ទប់ផ្សេងទៀតត្រូវបានបិទ គឺមិនមានមនុស្សនិងការប្រើប្រាស់សារធាតុញៀនទេ និងមិនមានការដាក់ទូបាញ់ត្រីនោះដែរ។

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សនិងវត្ថុតាងពាក់ព័ន្ធមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសួរនាំចាត់ការតាមនីតិវិធី ។ចំណែកទីតាំងខាងលើកម្លាំង បានចុះបិទជាបណ្តោះអាសន្ន និងកំពុងស្រាវជ្រាវរកម្ចាស់ទីតាំង៕