ដោយ : បន្ទាយ
បន្ទាយមានជ័យ :តាមសេចក្តីរាយការណ៍បានឲ្យដឹងថា÷នៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ ទឹកនៅអាងតាឆាយនិងអាងគ្រុឌនៅភូមិព្រៃវែង ភូមិកណ្តាលឃុំគំរូស្រុកថ្មពួកបានហក់ឡើងយ៉ាងខ្លាំង ពោលគឺបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងភូមិសាស្ត្រ នៅខ្ពង់រាបនៃតំបន់ការពារទេសភាពបន្ទាយឆ្មារនិងជួរភ្នំដងរែក ព្រំដែនកម្ពុជា ថៃ។
លោកយង់ យឺន ប្រធានក្រុមប្រឹក្សាស្រុកថ្មពួកបានអោយដឹងថ្ងៃទី២០ខែតុលាថា: ចំពោះមុខអាជ្ញាធរនិងជំនាញពាក់ព័ន្ធខេត្ត ស្រុក ឃុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីពាក់ព័ន្ធមេត្តាជួយថែរក្សាទឹកនិងអាងកុំឲ្យមានការធ្លុះធ្លាយឬបាក់រលុះ។ ត្រូវបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ថែរក្សាការពារឲ្យបាននូវចំពោះមុខនៃទឹកហក់ឡើងនេះនេះ។
យោងសេចក្តីរាយការណ៍ លោកយង់ យឺន អោយដឹងដែរថា: នៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ ទឹកនៅក្បាលស្ទឹងគោករមៀត ចំណុចអូរកំបុតដែលជាច្រកទទួលទឹកពីព្រំដែនថៃដូចសព្វ១ដង(ព្រោះស្ថានភាពដីខ្ពស់ជាងខាងកម្ពុជា) មិនទាន់មានទឹកជន់មកនៅឡើយទេ ព្រោះមិនមានភ្លៀងនៅចំណុចនោះនាឆ្នាំនេះ នៅទាំងខាងថៃនិងខាងកម្ពុជា ។
នៅថ្ងៃដដែលនោះដែរ លោកប្រធានក្រុមប្រឹក្សាស្រុកសហការជាមួយ លោក ចេង ចំរើន អភិបាលរងស្រុកថ្មពួក បានដឹកនាំក្រុមការងារស្រុក ឃុំពិនិត្យមើលទំនប់អាងថ្មពួកនិងស្ថានភាពទឹកនៅស្ទឹងវត្តចាស់ឃុំថ្មពួកផងដែរ។
នៅចំណុចអាងទាំង៣ខាងលើ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចបញ្ជាអោយបិទរក្សាទឹកទុកតាំងពីក្រោយបុណ្យភ្ជុំបិណ្ឌ នាដើមខែតុលាមកម្ល៉េះព្រោះដើម្បីរក្សាទឹកទុកប្រើប្រាស់និងស្រោចស្រពដំណាំកសិកម្ម ពោលគឺបើកទឹកអោយពលរដ្ឋលេងតែក្នុងរដូវបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះ។
សូមបញ្ជាក់ថា អាងទាំង៣ខាងលើ(អាងតាឆាយ អាងគ្រុឌនិងអាងថ្មពួក) ទទួលប្រភពទឹកពីខ្ពង់រាបនិងជួរភ្នំដងរែក តាមរយ:អូរគ្រញូងនិងអូរព្រៃផ្តៅ។នៅស្រុកថ្មពួកដែរ នាឃុំគោកកឋិន ក៏ត្រូវបានបញ្ជាអោយបិទទ្វារទឹកអាងតាម៉េងនិងអាងតូចៗខ្លះទៀតរួចមកហើយផងដែរ។ឯអាង ទំនប់នៅឃុំដទៃទៀតក៏ត្រូវបានបិទរក្សាទឹកទុកដែរ ។
សូមបញ្ជាក់ថា យោងបទបញ្ជាពីលោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យនិងមន្ទីរធនធានទឹកខេត្តបានអោយអាជ្ញាធរនិងសមត្ថកិច្ច សហគមន៍ប្រើប្រាស់ទឹកនិងប្រជាពលរដ្ឋបិទទ្វារទឹកនៃអាងទឹក ទំនប់និងប្រភពទឹកទាំងអស់នៅគ្រប់គោលដៅក្នុងទូទាំង៩ស្រុកក្រុងដើម្បីថែរក្សា ការពារទឹកទុកប្រើប្រាស់និងស្រោចស្រពដំណាំកសិកម្ម ព្រោះថា រដូវវស្សាឆ្នាំ២០២៤ នេះ ភូមិសាស្ត្រខេត្តបន្ទាយមានជ័យខ្វះទឹកនិងជួបគ្រោះរាំងស្ងួត ៕