ដោយ : បន្ទាយ
កំពង់ធំ ៖ លោកនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងក្រុមការងារបានអញ្ជើញជួបសំណេះសំណាលនិងឧបត្ថមថវិកាដើម្បីលើកទឹកចិត្តដល់កីឡាករប្រណាំងទូកខ្នាតអន្តរជាតិនិងទូកវែង ដែលបានចូលរួមក្នុងការប្រកួតប្រណាំងទូកនៅខេត្តកំពង់ធំ កាលពីថ្ងៃទី ១៦-១៧ តុលា និងទទួលបានជ័យលាភីលេខ ១ និងលេខ ២។
នេះបើតាមមន្ត្រីក្រុមការងារអោយដឹងនៅថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ ។
នាឱកាសនោះ លោកនួន ផារ័ត្ន បានថ្លែងអំណរគុណដល់កីឡាករចំណុះទូក ដែលបានប្រឹងប្រែងយ៉ាងខ្លាំង រហូតដល់ទទួលបានជ័យជម្នះ និងក៏បានសរសើរគណ:កម្មការគ្រប់គ្រងកីឡា ដែលបានរួមគ្នាដឹកនាំដោយភាពប៉ិនប្រសប់។ ក្រុមកីឡាករទាំងនេះ ត្រៀមខ្លួនសម្រាប់ការប្រកួតបន្តនៅពិធីប្រណាំងទូកនឹងប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ ។
លោកអភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់កីឡាករចំណុះទូកអស់គ្នា ឱ្យបន្តហ្វឹកហាត់កាយសម្ព័ន្ធ និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត នៅក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញ។
លោកនិងក្រុមការងារបានចុះពិនិត្យមើលទូកចំនួន៣ ដែលត្រូវបានត្រៀមខ្លួនសម្រាប់ប្រកួតនៅរាជធានីភ្នំពេញ:
១- ទូកឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូង មានចំណុះ៧៥នាក់ ទទួលបានជយលាភីលេខ១ ស្ថិតនៅវត្តឌួងសូរិយា ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
២-ទូកបុប្ផាស្ទឹងសែន មានចំណុះ ២២ នាក់ ទទួលបានជយលាភីលេខ ១ ស្ថិតនៅវត្តធម្មឃោសិតារាម ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
៣-ទូកសែនសិរីមានជ័យ មានចំណុះ ៧៥ នាក់ ទទួលបានជយលាភីលេខ ២ ស្ថិតនៅវត្តសែនសិរី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៕