ព័ត៌មានជាតិ

ម៉ៅ ធនិន÷តម្លៃពិតប្រាកដនៃតួនាទីដឹកនាំស្ថិតនៅលើសកម្មភាពអនុវត្តជាក់ស្តែង

ដោយ៖ កំចាយ

កំពត÷ អភិបាលខេត្តកំពតបានបញ្ជាក់ថា តម្លៃពិតប្រាកដនៃតួនាទីដឹកនាំស្ថិតនៅលើការអនុវត្តជាក់ស្តែងសម្រាប់ជាគំរូដល់មន្ត្រីក្រោមឱវាទ។ ការក្រើនរម្លឹកបែបនេះបានរំលេចឡើងក្នុងពិធីប្រកាសមុខតំណែជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង-ស្រុក និងបណ្តាមន្ទីរអង្គភាពជុំវិញខេត្តនៅសាលសន្និសីទបូកគោកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា៖ រាល់ចំណាត់តាំងតួនាទីសម្រាប់មន្ត្រីរាជការដើម្បីទទួលភារ:ដឹកនាំមន្ទីរអង្គភាពគ្រាន់តែជាតំណែងនៅលើក្រដាសប៉ុណ្ណោះ។ គុណភាព និងតម្លៃពិតប្រាកដនៃតួនាទីថ្នាក់ដឹកនាំស្ថិតនៅលើសកម្មភាពជាក់ស្តែងដែលជាគំរូសម្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លូន។

លោកអភិបាលខេត្តបានបន្តថា នៅពេលអនុវត្តការងារពោរពេញដោយឆន្ទ:បរិសុទ្ធ ហើយទទួលជោគជ័យនោះគឺជាការតបស្នងសងគុណចំពោះប្រទេសជាតិស្របតាមការផ្តល់ទំនុកចិត្តពីថ្នាក់ដឹកនាំដែលបានប្រគល់ជូន។ អ្នកដឹកនាំត្រូវមានស្មារតីលះបង់ខ្ពស់ និងគិតគូរប្រយោជន៍រួមជាធំ ពុំមែនបានទទួលតួនាទីហើយមិនខ្វល់ ឬចាំតែយកមុខមាត់តាមរយ:លទ្ធផលការងាររបស់មន្ត្រីក្រោមឱវាទនោះទេ។ សតិអារម្មណ៍ពិសេសសាមគ្គីផ្ទៃក្នុងជាបញ្ហាសំខាន់សម្រាប់នយោបាយដឹកនាំដើម្បីជោគជ័យការងារ៕