ដោយ៖ព្រះអង្គខ្មៅ
បាត់ដំបង៖ ជនសង្ស័យឆ្លងខេត្ត ប្រុសស្រី ៣នាក់ដែលតែងតែបង្កការព្រួយបារម្ភគាស់ផ្ទះប្រជាពលរដ្ឋត្រូវសមត្ថកិច្ចឃាត់ខ្លួនបានអនុវត្តច្បាប់។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថា÷ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមកិច្ចសម្របសម្រួលដោយ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងចម្រុះពាក់ព័ន្ធជាច្រើន មានកម្លាំងនគរបាលជំនាញស្រុកសង្កែ នគរបាលស្រុកគាស់ក្រឡ នគរបាលស្រុកមោងឬស្សី នគរបាលស្រុករតនមណ្ឌល សហការជាមួយជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក វរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល រួមជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនផងដែរកាលថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៤ កន្លងមកនេះឋិតនៅភូមិអូរគ្រាត ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានចុះស្រាវជ្រាវកំណត់មុខសញ្ញា និងស្ទាក់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន ៣នាក់ ក្នុងចំណោមបក្ខពួកចំនួន ៥នាក់មកសាកសួរនៅស្នងការដ្ឋាន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ ) ជាច្រើនករណី។
ជនសង្ស័យមានឈ្មោះគង់ រ៉ាវុធ ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិដើមស្លែង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, ឈ្មោះព្រំ សារិទ្ធ ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិព្នាត សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ និងឈ្មោះសា ស្រីណា ភេទស្រី អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានបន្តថា÷ ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើបានសារភាពថា ក្រុមខ្លួនមានគ្នាចំនួន ៥នាក់ជិះរថយន្ត ២គ្រឿងធ្វើសកម្មភាពលួចគាស់បង្អួច ទ្វាររបស់ប្រជាពលរដ្ឋដែលភាគច្រើនផ្ទះដែលម្ចាស់មិននៅចាក់សោចោល។ រយៈពេលចុងក្រោយនេះបក្ខពួកខ្លួនបានធ្វើសកម្មភាព ៦លើកជាប់ៗគ្នា ដោយមួយលើកក្នុងខេត្តកណ្តាល ពីរលើកក្នុងខេត្តប៉ៃលិន និង បីលើកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ចំណែកវត្ថុតាងដែលកម្លាំងជំនាញដកហូតបានពេលបង្ក្រាបរួមមាន៖ រថយន្តមួយគ្រឿង ម៉ាកTOYOTA CAMRY ផលិតឆ្នាំ ១៩៩៧ ពណ៌ឆ្លូញ ពាក់ផ្លាកលេខ ភ្នំពេញ ២J-០៧៨៨, កាំបិត និងសម្ភារធ្វើសកម្មផ្សេងៗមួយចំនួនទៀត។
ចំពោះមុខការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕