ដោយ៖ កំចាយ
កំពត÷ ឆ្នាំនេះរដ្ឋបាលខេត្តកំពតសហការជាមួយក្រសួងទេសចរណ៍នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នាពាក់កណ្តាលខែធ្នូខាងមុខ។ ដូច្នេះ រដ្ឋបាលខេត្តកំពតសម្រេចលើកពិធីបុណ្យអុំទូកបញ្ចូលទៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រតែម្តង។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ពីពេលនេះដល់ដំណាច់ឆ្នាំ២០២៤ ខេត្តកំពតមានភាពមមាញឹកក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣។ ដូច្នេះ រដ្ឋបាលខេត្តបានសម្រចលើកពិធីអុំទូកទៅធ្វើក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រដើម្បីឱ្យកាន់តែទាក់ទាញ និងមានសកម្មភាពកម្សាន្តរឹតតែសម្បូរបែប។
លោកអភិបាលខេត្តបានបញ្ជាក់ថា ទាំងនេះគឺក្នុងបំណងបានផ្សព្វផ្សាយវប្បធម៌ ប្រពៃណីប្រណាំងទូក-ងរបស់ដូនតាកុំឲ្យបាត់បង់។ ដូច្នេះ គ្រប់មន្ត្រី ថ្នាក់ដឹកនាំ មន្ទីរអង្គភាពដែលធ្លាប់មានទូកចូលរួមប្រណាំងសូមប្រាប់ដល់បងប្អូនក្រុមកីឡាករឲ្យត្រៀមខ្លួនដើម្បីប្រណាំងសម្រាប់ពិធីបុណ្យសមុទ្រនាពាក់កណ្តាលខែធ្នូខាងមុខ។ លោក ម៉ៅ ធនិន បានណែនាំថា តាមបណ្តាក្រុងស្រុក មន្ទីរអង្គភាពត្រូវរៀបចំសោភ័ណភាព អនាម័យបរិស្ថាន ពិសេសការទុកដាក់ និងគ្រប់គ្រងសំរាមនៅតាមទីប្រជុំ និងសួនសាធារណៈឲ្យកាន់តែល្អប្រសើរ ស្របពេលដែលរដ្ឋបាលខេត្តកំពុងពង្រីកផ្លូវឆ្ពោះទៅឆ្នេរកោះស្មៅ ហើយគ្រោងរៀបចំសួនទឹកសាធារណៈនៅទីតាំងខាងកើតសាលាខេត្តផងនោះ។ រដ្ឋបាលខេត្តមានគម្រោងច្រើន ប៉ុន្តែត្រូវធ្វើជាជំហានៗ ពោលគឺម្តងមួយគម្រោងៗដើម្បីខេត្តកំពតបានក្លាយជាគោលដៅទេសចរណ៍ទី១ក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរសមុទ្រនាពេលអនាគត៕