ដោយ : បន្ទាយ
បន្ទាយមានជ័យ ÷កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីឈ្មោះ ម៉ុញ ធារី ភេទស្រី អាយុ៣៦ឆ្នាំ ជាប្រពន្ធរស់នៅភូមិបាលិលេយ្យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលពាក្យបណ្ដឹងចោទប្រកាន់លើឈ្មោះចាន់ រើន ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាប្ដីពីបទហិង្សាក្នុងគ្រួសារ និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន នៅវេលាម៉ោង១៤ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។
ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការបានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ និងបានធ្វើទេស្ដទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន ។
ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រេីហិង្សាទៅលេីប្រពន្ធ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា : ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៣ខែតុលា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕