ដោយ៖ សុខុម
ស្ទឹងត្រែង៖ សម្រាប់អ្នកខេត្តស្ទឹងត្រែងគឺតែងតែចូលចិត្តទទួលទានម្ហូបម៉ាភាពោះគោជាពិសេស។ ចំណែកអ្នកទីក្រុងអាចនឹងពុំដែលស្គាល់ឬក៏ធ្លាប់បានភ្លក់នៅឡើយ។
ម៉ាភាពោះគោគឺជាមុខម្ហូបម្យ៉ាង អ្នករស់នៅខេត្តស្ទឹងត្រែងចូលចិត្តធ្វើទទួលទានណាស់។គេធ្វើបរិភោគជាលក្ខណៈគ្រួសារ ជួបជុំមិត្តភក្តិបងប្អូន ឬក្នុងពិធីផ្សេងៗជាដើម។ នៅក្នុងភោជនីយដ្ឋានមួយកន្លែងឈ្មោះសោភាស៊ុគីស៊ុប គឺតែងធ្វើម្ហូបម៉ាភាពោះគោលក់ជូនភ្ញៀវក្នុងជម្រើសចំណោមម្ហូបប្រចាំហាងជាច្រើនមុខទៀត។
អ្នកស្រី ជា សុភា ម្ចាស់ភោជនីយដ្ឋានសោភាស៊ុគីស៊ុបនៅក្រុងស្ទឹងត្រែងបាននិយាយប្រាប់ពីចំណុចពិសេសនៃមុខម្ហូបមួយនេះថា ម៉ាភាពោះគោ គឺគេយកគ្រឿងក្នុងគោមកចម្អិនឱ្យបានយូរផុយល្អ ទើបគេស្រង់ចេញពីក្នុងឆ្នាំង។
បន្ទាប់មកគេយកពោះគោដែលចម្អិនរួចហើយនោះ មកហាន់ជាចម្រៀកតូចៗល្មមដែលយើងអាចទំពាបាន។ ក្រោយពីហាន់រួចគេយកទៅដាក់ក្នុងចានឬកាធុនធំបន្តិច ដើម្បីលាយគ្រឿងគ្រូវ ឱ្យវាមានរសជាតិឆ្ងាញ់។នៅពេលគេធ្វើនោះ ក៏មានលាយច្របល់ ដោយចាក់ទឹកប្រមាត់គោស្រោចពីលើបន្តិចផងដែរដើម្បីភ្លក់ទៅល្វីងបន្តិចទើបឆ្ងាញ់។
ម្ចាស់ហាងខាងលើបាននិយាយបន្ថែមទៀតថា ភ្ញៀវទេសចរដែលមកលេងខេត្តស្ទឹងត្រែងអាចមកភ្លក់ម៉ាភាពោះគោបាន ដើម្បីស្គាល់រសជាតិម្ហូបប្រចាំតំបន់ខេត្តស្ទឹងត្រែង។ ណាមួយទៀតវាជាម្ហូបពិសេសដែលអ្នកខេត្តនេះពេញនិយមចូលចិត្តប្រភេទគ្រឿងក្នុងគោផងដែរ៕