ព័ត៌មានជាតិ

មន្ត្រីជំនាញត្រូវពិនិត្យអំពីរចនាបថសំណង់ជៀសវាងពលរដ្ឋបម្រើវប្បធម៌បរទេសដោយមិនដឹងខ្លួន

ដោយ៖កំចាយ

កំពត÷ មន្ត្រីជំនាញត្រូវយកចិត្តទុកដាក់ និងពិនិត្យឲ្យបានល្អិតល្អន់រាល់រចនាបថសំណង់ ជៀសវាងពលរដ្ឋបម្រើវប្បធម៌បរទេសដោយមិនដឹងខ្លួន ពិសេសក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់ប្រទេសជិតខាង។ នេះជាការណែនាំពីអភិបាលខេត្តកំពតក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។

ថ្លែងបើកអង្គសន្និបាទខាងលើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា៖ អត្តសញ្ញាណ និងការរក្សាទំនៀមទម្លាប់ប្រពៃណីបានខ្ជាប់ខ្ជួនជារឿងសំខាន់សម្រាប់សម្គាល់ជាតិសាសន៍នីមួយៗ។ ការរៀបចំដែនដីត្រូវតែយកចិត្តទុកដាក់ខ្ពស់លើបញ្ហារចនាបថសំណង់ ជៀសវាងប្រជាពលរដ្ឋចម្លងវប្បធម៌ពីអ្នកដទៃបម្រើឲ្យប្រយោជន៍គេទាំងមិនដឹងខ្លួន។ លោកអភិបាលខេត្តបានបញ្ជាក់ថា ករណីនេះមន្ត្រីភូមិបាល ព្រមទាំងអាជ្ញាធរស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស ត្រូវតាមដានពិនិត្យមើលឲ្យបានល្អិតល្អន់ ព្រោះជាស្រុកមានភូមិសាស្ត្រជាប់ជាមួយប្រទេសជិតខាង។ ជាក់ស្តែង ដំបូលផ្ទះពលរដ្ឋភាគច្រើនបានចម្លងពីគេ ហើយបំភ្លេចអត្តសញ្ញាណជាតិដោយមិនដឹងខ្លួន។ ផ្ទះប្រភេទក្រពើហាមិនមែនជារចនាបថខ្មែរទេ។ លោក ម៉ៅ ធនិន បានបន្តថា៖ បន្ថែមលើនោះ ការរក្សាទ្រព្យសម្បត្តិរដ្ឋជាកណីដែលមិនត្រូវធ្វេសប្រហែសឡើយ។

កន្លងមក ជនខិលខូចមួយចំនួនបានបំពានយកដីឆ្នេរសមុទ្រ ឆ្នេរព្រែក ហើយបន្តកាន់កាប់ដល់បច្ចុប្បន្ន។ បញ្ហានេះ មន្ត្រីក្នុងដែនជំនាញត្រូវពិនិត្យសើរើឡើងវិញ ព្រោះទ្រព្យសម្បត្តិសាធារណ:ត្រូវតែប្រមូលមកទុកជារបស់រដ្ឋវិញ។ ប្រសិនបើពួកគេយកហេតុផលថាជាការទិញមកអះអាង នោះត្រូវប្រាប់ឲ្យទៅទារលុយពីអ្នកលក់ជាការស្រេច។ ដូច្នេះ មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការងាររបស់ខ្លួន ពិសេសកិច្ចការងារសុរិយោដី និងសំណង់ត្រូវតែអនុវត្តតាមគោលការណ៍ច្បាប់ ព្រោះការងារនេះសំខាន់ណាស់ ហើយមានឥទ្ធិពលដល់កិច្ចអភិវឌ្ឍ និងបរិយាកាសភូមិសាស្ត្រនយោបាយរបស់រាជរដ្ឋាភិបាល។

លោក ហ៊ុន កុសល អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា ក្នុងនាមក្រសួង លោកសូមវាយតម្លៃខ្ពស់នូវលទ្ធផលការងាររបស់មន្ទីរនាពេលកន្លងមក និងសូមកោតសរសើរចំពោះការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ពិសេសលើវិស័យរៀបចំដែនដី។ ភូមិសាស្ត្រមួយដែលមានសោភ័ណភាពស្អាតជាដួងព្រលឹងនៃនគរូបនីយកម្មដែលបានបង្ហាញអំពីអរិយធម៌ វប្បធម៌របស់ជាតិ ហើយឆ្លើយតបទៅនឹងគោលដៅស្នូលរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលក្នុងការកសាងកម្ពុជានាសហសម័យ៕