សន្ដិសុខសង្គម

កម្លាំងការពារព្រំដែនបានទប់ស្កាត់ពលករបម្រុងឆ្លងដែនខុសច្បាប់

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ កម្លាំងប៉ុស្តិ៍ចំបក់ចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរងទទួលដឹកនាំការងារប៉ុស្តិ៍ការពារព្រំដែនចំបក់នៃវរសេនាតូចនគរបាលការពារប្រំដែនលេខ៨១៥ កាលពីវេលាម៉ោង១៤និង១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ។

ករណីនេះស្ថិតនៅទល់មុខមណ្ឌលសុខភាពឃុំបឹងបេង ក្នុងភូមិសាស្ត្រប៉ុស្ដិ៍ចំបក់ ស្ថិតនៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ចំនួន០៥នាក់ (ស្រី០២នាក់) និងម៉ូតូចំនួន ០១គ្រឿង ស៊េរីឆ្នាំ២០០៧ ផ្លាកលេខ បាត់ដំបង 1C-7304 ចំណែកម្ចាស់ម៉ូតូចំនួន០២នាក់ បានរត់គេចខ្លួន។

កម្លាំងបានឲ្យដឹងថា: ប្រជាពលរដ្ឋ(ពលករ)ទាំងអស់មានទីលំនៅក្នុងខេត្តចំនួន០២គឺ ខេត្តបាត់ដំបង ចំនួន០៤នាក់/ ស្រី ០២នាក់ និងខេត្តព្រៃវែង ចំនួន០១នាក់។

បន្ទាប់ពីធ្វើការសាកសួរ និងអប់រំណែនាំរួច ក៏បានឲ្យពួកគាត់វិលត្រឡប់ទៅលំនៅរៀងៗខ្លួនវិញ ។ដោយឡែកម៉ូតូចំនួន ០១ គ្រឿងខាងលើ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំបក់ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ម៉ូតូ៕