ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ កម្មវិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនាថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅបរិវេណខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ នាផ្លូវជាតិលេខ៥ ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
នេះបើតាមគណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ សម្រេចរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្តបន្ទាយមានជ័យបានឲ្យដឹងថ្ងៃទី១២ខែតុលាឆ្នាំ២០២៤ ។
យោងរដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីជូនដំណឹងនិងអំពាវនាវថា :
សូមជម្រាបជូនឯកឧត្តម លោកជំទាវ ឧត្តមសេនីយ៍ ឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អង្គការជាតិ អន្តរជាតិ សមាគម គ្រឹះស្ថានសិក្សា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករទូទាំងខេត្ត ជ្រាបថា គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ សម្រេចរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ។
សេចក្តីជូនដំណឹងឲ្យដឹងបន្តថា: នៅរៀងរាល់រាត្រី ចាប់ពីថ្ងៃទី២៤-២៨ ខែតុលា ឆ្នាំ២០២៤ មានការប្រគំតន្ត្រីសម័យ អមរដោយការដាក់តាំងស្តង់ផលិតផលខ្មែរ
ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗនៅបរិវេណសួនតេជោឈ្នះឈ្នះខេត្តបន្ទាយមានជ័យ(មាត់ស្ទឹងសិរីសោភ័ណ នាភូមិ៣ សង្កាត់ព្រះពន្លា) ព្រមទាំងមានការរៀបចំបណ្តែតប្រទីបអង្គភាពរដ្ឋ វិស័យឯកជន នៅដងស្ទឹងព្រះពន្លា ក្រុងសិរីសោភ័ណ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ចំពោះ ពិធីអកអំបុកនិងសំពះព្រះខែ នឹងរៀបចំនារាត្រីថ្ងៃទី១៥ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណសួនតេជោឈ្នះឈ្នះខេត្តបន្ទាយមានជ័យដែរ ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ សូមអំពាវនាវ ឯកឧត្តម លោកជំទាវ ឧត្តមសេនីយ៍ ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរសជនមេត្តាជួយឧបត្ថម្ភគាំទ្រ ផ្តល់អំណោយដូចជា ៖ ថវិកា គ្រឿងឧបភោគ បរិភោគ ឬសម្ភារផ្សេងៗ ដើម្បីជួយទ្រទ្រង់កម្មវិធីដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ទទួលបានលទ្ធផលល្អប្រសើរ។
ចំពោះអំណោយ សូមយកមកប្រគល់ជូនការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិនៃទីចាត់ការរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ រៀងរាល់ថ្ងៃធ្វើការឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០១២ ៩៦៩៦៧៧, ០១២ ៦៧៣០៨៦, ០១០ ៩៥៥ ៣៦៦, ០៧៨ ២៦៦៨៦៦។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបានបន្ថែមថា : ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ សូមគោរពជូនពរដល់គ្រប់គ្នាដូចខាងលើ ៕