ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យស្វាគមន៍អង្គការសេចក្តីស្រលាញ់(LOVE IN ACTION) ជួយលើការងារសង្គ្រោះបឋមជួយដល់ជនរងគ្រោះ

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអនុញ្ញាតឱ្យលោកប្រ៊ូស ហេន (Bruce Hein) នាយកប្រតិបត្តិអង្គការសេចក្តីស្រលាញ់(LOVE IN ACTION) ចូលជួបសម្តែងការគួសមដើម្បីពិភាក្សាការងារសង្គ្រោះបឋមជួយដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅក្នុងខេត្តបន្ទាយមានជ័យ។

មន្ត្រីរដ្ឋបាលសាលាខេត្តបានឲ្យដឹងកាលពីថ្ងៃទី១១ខែតុលា ឆ្នាំ២០២៤ ថា: ក្នុងជំនួបនោះ លោកប្រ៊ូស ហេន បានរាយការណ៍សង្ខេបពីទស្សនវិស័យនិងបេសកកម្ម ក៏ដូចជាសកម្មភាព លទ្ធផលការងារនិងតំបន់គោលដៅក្នុងតំបន់និងនៅប្រទេសកម្ពុជាដែលអង្គការសេចក្តីស្រលាញ់(LOVE IN ACTION) បានអនុវត្តកន្លងមក។ក្នុងនោះ ពីពេលនេះតទៅ អង្គការចូលមកអនុវត្តនៅតំបន់គ្របដណ្តប់នៅខេត្តបន្ទាយមានជ័យ ។

លោកអ៊ុ រាត្រី បានស្វាគមន៍និងថ្លែងអំណរគុណអង្គការសេចក្តីស្រលាញ់(LOVE IN ACTION) ដែលមានលោកប្រ៊ូស ហេន ជានាយកប្រតិបត្តិនិងសហការី ព្រមទាំងម្ចាស់សប្បុរសជននានាដែលផ្តល់មូលនិធិសម្រាប់ដំណើរការគម្រោងការងារសង្គ្រោះបឋមជួយដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដ៏ចាំបាច់ចំពោះមុខនិងបន្តមានក្នុងបច្ចុប្បន្នភាពនេះ ។

លោកបន្តថា : ជំនួយពីដៃគូនេះដល់មន្ត្រីជំនាញនានាដែលប្រតិបត្តិការលើការងារនេះ  និងជាពិសេសបានផ្តល់ប្រយោជន៍ផ្ទាល់ដល់ប្រជាជនកម្ពុជាដែលរងគ្រោះ៕