ដោយ៖ កំចាយ
កំពត÷ រាល់ការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការអាចឈានទៅសម្រេចជោគជ័យបានលុះត្រាតែគ្រប់ផ្នែកពាក់ព័ន្ធចូលរួមដើម្បីវែកញែកដោយឈរលើគោលការណ៍ច្បាប់ និងឋានានុក្រមគ្រួសារជាចម្បង។ នេះជាការបញ្ជាក់របស់អភិបាលខេត្តកំពតក្នុងវេទិកាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសាលមហាជនសាលាខេត្ត។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា៖ ក្នុងយន្តការដោះស្រាយជម្លោះ លោកមិនអាចឈរខាងភាគីណាមួយទេ ព្រោះប្រជាពលរដ្ឋនៅខេត្តកំពតគ្រប់រូបជាគ្រួសាររបស់លោកតែមួយ។ លោកចង់ឲ្យគ្រប់សមាជិកនៃគ្រួសារដ៏ធំមួយនេះរក្សាភាពថ្លៃថ្នូរជាមនុស្ស ពោលគឺ បើអត់ត្រូវសុំ បើខ្ចីគេត្រូវសងគេវិញ បើយកទ្រព្យសម្បត្តិគេត្រូវឲ្យម្ចាស់គេវិញ។ និយាយរួម កុំឈ្លោះប្រកែក ប្តឹងផ្តល់ ឬគុំកួនគ្នាដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់សាមគ្គីភាព ជីវភាពរស់នៅ និងកិត្តិយសក្នុងនាមឈាមជ័រខ្មែរតែមួយ ជាអ្នកភូមិផងរបងជាប់គ្នា។
លោកអភិបាលខេត្តបានបញ្ជាក់ថា លោកមិនរួញរាក្នុងការដោះស្រាយទេ ប៉ុន្តែក៏មិនសប្បាយចិត្តពេលឃើញបងប្អូនប្រជាពលរដ្ឋឈ្លោះគ្នាដែរ។ កុំដោយសារតែអាហារ៣ពេលបែរជាភ្លេចតម្លៃ ភ្លេចគុណធម៌ជាបងប្អូន ប្រពន្ធកូន ឪពុកម្តាយ និងគ្រួសារឲ្យសោះ ព្រោះនេះមិនមែនជាប្រពៃណីវប្បធម៌របស់ជនជាតិខ្មែរទេ។ លោក ម៉ៅ ធនិន បានរម្លឹកថា អតីតប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោបានលះបង់កម្លាំងកាយចិត្ត និងហ៊ានយកអាយុជីវិតជាថ្នូរដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។ មិនតែប៉ុណ្ណោះ អតីត និងប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្នបានចែកដីធ្លីកម្មសិទ្ធិជូនពលរដ្ឋកាន់កាប់ និងប្រើប្រាស់ដើម្បីលើកកម្ពស់ជីវភាពគ្រប់ក្រុមគ្រួសារឲ្យកាន់តែល្អប្រសើរ។ ចុះហេតុអ្វីគ្រប់គ្នារស់រានមានបានហើយនៅមានគំនិតលោភលន់ បៀតបៀន និងឈ្លោះប្រកែកគ្នាទៀត?
សូមបញ្ជាក់ថា អំឡុងពេល៣ឆ្នាំនេះ លោក ម៉ៅ ធនិន បានដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការសម្រេចជោគជ័យជិត៣ពាន់ករណី ដែលក្នុងនោះជាង២ពាន់សំណុំរឿងជាជម្លោះដីធ្លី។ ភាពប៉ិនប្រសប់ក្នុងការដឹកនាំសម្រុះសម្រួលរបស់លោកអភិបាលខេត្តបានក្លាយជាគំរូសម្រាប់អាជ្ញាធរក្រុងស្រុកយកទៅអនុវត្តនៅមូលដ្ឋានដើម្បីធ្វើឲ្យករណីជម្លោះថ្មីលែងកើតមានឡើង៕