ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ៖ ក្រុមការងារនាំអំណោយលោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្រ្តីទៅឲ្យកុមារកំព្រាវិសាខានៃក្តីសង្ឃឹម

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ រួមមាន៖  លោក គ្រី  សំណាង ,លោក សឿម សាអ៊ីម ,លោក កៅ បូរ៉ាវ៉ាន់ ,លោកវរសេនីយ៍ទោ  បោន សីហា ,លោក វរសេនីយ៍ទោ ទេព រដ្ឋា , លោក វរសេនីយ៍ទោ  ព្រហ្ម ពិសិដ្ឋ ,  បាននាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់លោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ ទៅប្រគល់ជូនដល់កុមារកំព្រាសម្រាប់ប្រើប្រាស់ និងហូបចំនួន ៧១ នាក់ ដែលកំពុងស្នាក់នៅនិងរៀនសូត្រនៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។

អំណោយ រួមមាន៖ ១-អង្ករ ចំនួន ៤តោន , ២-ថវិកាចំនួន ៨.០០០.០០០រៀល (ប្រាំបីលានរៀល), ៣-ទឹកបរិសុទ្ធចំនួន ១០០០យួរ ,៤-នំប៉័ងសាច់ចំនួន ១៦០ដើម។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពីលោកកែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដល់ក្មួយៗជាទីស្រលាញ់ទាំងអស់ រួមទាំងលោកគ្រូអ្នកគ្រូអ្នកដែលបានមើលថែរក្សាកូនៗ។

លោកក៏បានផ្តាំផ្ញើឱ្យកូនៗត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះជំនាញទៅប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន ទោះបីប្អូនៗមិនមានឪពុកម្ដាយក៏ពិតមែន ប៉ុន្ដែប្អូនៗមានថ្នាក់ដឹកនាំដ៏ល្អតាមជួយទំនុកបម្រុងថែរក្សាតាមដាន សួរនាំជាប្រចាំ ដោយទទួលបានការគ្រប់គ្រងដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងមជ្ឈមណ្ឌល ការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ សូមក្មួយៗរស់នៅស្អាត អនាម័យល្អ ហូបស្អាតជានិច្ច។

លោកអភិសន្ដិបណ្ឌិត និងលោកជំទាវ មានក្ដីសង្ឃឹមខ្ពស់ថាប្អូនៗនៅទីនេះនឹងមានអនាគតដ៏ប្រសើរក្នុងជីវិត ៕