ព័ត៌មានជាតិ

ថ្ងៃដំបូងនៃសម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកំពតមានបេក្ខជនជាង៣០នាក់អវត្តមាន

ដោយ៖ កំចាយ

កំពត÷ បេក្ខជនប្រមាណជាង៣០នាក់បានអវត្តមាននាថ្ងៃដំបូងសម្រាប់សម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ក្នុងចំណោមបេក្ខជនប្រមាណជាង៥.០០០នាក់។

លោក សូ ភារិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតបានបញ្ជាក់ថា ថ្ងៃដំបូងនៃសម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ នៅទូទាំងខេត្តដែលមានមណ្ឌលប្រលងចំនួន១០ គឺបេក្ខជនចំនួន៣២នាក់ ស្រី១២នាក់បានអវត្តមានដោយគ្មានមូលហេតុ។ អ្នកដែលមិនបានមកចូលប្រលងទាំងនោះជាបេក្ខជនស្វៃរិនចំនួន២៧នាក់ ស្រី៨នាក់។ លោកប្រធានមន្ទីរបានអះអាងថា ពេញមួយថ្ងៃដំបូងនៃដំណើរការប្រលងនេះ ស្ថានភាពមានលក្ខណ:ល្អប្រសើរទាំងក្នុងបរិវេណ និងក្រៅមណ្ឌលប្រលង។ បេក្ខជនទាំងអស់បានធ្វើសំណេរចម្លើយដោយភាពស្ងាត់ស្ងៀម និងពុំមាននរណាម្នាក់លាក់សំណៅឯកសារ ឬយកឧបករណ៍ហាមឃាត់ដាក់តាមខ្លួនឡើយ។ លោក សូ ភារិទ្ធ បានបានបន្តថា គណ:មេប្រយោគក៏ដូចគ្នាដែរគឺលោកគ្រូ អ្នកគ្រូអនុវត្តបានយ៉ាងល្អប្រពៃស្របតាមបទប្បញ្ញត្តិដែលក្រសួងបានដាក់ចេញ។ ចំណែកនៅបរិវេណខាងក្រៅ ឪពុកម្តាយ សាច់ញាតិ ក៏ដូចជាមិត្តភក្តិដែលជូនដំណើរបេក្ខជនមកប្រលងក៏មិនឆ្វេចឆ្វាចដែរ ពិសេសកម្លាំងសមត្ថកិច្ចមានការគ្រប់គ្រង និងការពារសុវត្ថិភាពបាន១០០ភាគរយ។

សូមបញ្ជាក់ថា ខេត្តកំពតមានមណ្ឌលប្រលងសញ្ញាបត្រទុតិយភូមិចំនួន១០ គឺក្រុងកំពត៤មណ្ឌល ស្រុកទឹកឈូ៣មណ្ឌល និងស្រុកអង្គរជ័យ៣មណ្ឌល ស្មើនឹង២១០បន្ទប់ ដែលមានបេក្ខជនសរុប៥.១៩៤នាក់ ស្រី២.៨២១នាក់។ ក្នុងចំណោមនោះ បេក្ខជនស្វៃរិនចំនួន៣៥០នាក់ ស្រី១៦១នាក់៕