ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យអាជ្ញាធរក្រុងសហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងដោះស្រាយជាបន្ទាន់ ចំពោះអាជីវកម្មផ្ទះចិញ្ចឹមសត្វត្រចៀកកាំចំនួន ប្រាំទីតាំង នៅក្នុងក្រុងកំពង់ចាម។
សំណើមួយនេះ គឺដើម្បីឆ្លើយតបទៅនឹងសំណូមពរសរុបចំនួន ១០ របស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈ ដែលបានរៀបចំឡើងនៅវត្តជ្រោយថ្ម ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី ៩ តុលានេះ ដែលមានប្រជាពលរដ្ឋជាង ១០០ នាក់បានចូលរួម។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះថា៖ បញ្ហាការបើកអាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំ គឺពិតជារំខានដល់ការរស់នៅដល់បងប្អូនប្រជាពលរដ្ឋជាអ្នកជិតខាង បរិស្ថាន អនាម័យប្រាកដមែន។ហើយបញ្ហាអាជីវកម្មផ្ទះត្រចៀកកាំនេះ ឯកឧត្តមបានទទួលព័ត៌មាននេះពីអាជ្ញាធរសង្កាត់ និងក្រុងកំពង់ចាមរួចហើយ ។ ក្នុងនោះយើងបានសម្រេចបង្កើតក្រុមការងារជាអង្គភាពមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង ដែលដឹកនាំដោយអភិបាលរងខេត្តចំនួន មួយ រូប ដើម្បីចុះទៅដោះស្រាយជាមួយម្ចាស់ផ្ទះដែលចិញ្ចឹមសត្វត្រចៀកកាំទាំង ៥ កន្លែងនៅក្នុងក្រុងកំពង់ចាម ក្នុងពេលឆាប់ៗនេះ។
ឯកឧត្តមបានមានប្រសាសន៍ទៀតថា៖ ករណីធ្វើអាជីវកម្មផ្ទះត្រៀកកាំនេះ ឯកឧត្តមចង់ពន្លត់តែម្តង ដោយឱ្យអាជ្ញាធរ ក្រុង ស្រុក រួមទាំងមន្ទីរជំនាញ គឺមុនអនុញ្ញាត ឱ្យប្រកបរបរមួយនេះ ឬសាងសង់ផ្ទះត្រចៀកកាំចាំបាច់ត្រូវចុះទៅពិនិត្យទីតាំងនោះមុន នឹងអនុញ្ញាតឱ្យបើក។ បើមានការប៉ះពាល់ ដែលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ទៅឃើញភាពមិនប្រក្រតី ប៉ះច្រើនពេក គឺសូមមិនអនុញ្ញាតតែម្តង។ បន្ទាប់មកលើកទឹកចិត្តគាត់(ម្ចាស់ផ្ទះត្រចៀកកាំ)ឱ្យទៅបើកនៅទីជនបទដាច់ស្រយាល ដែលមិនប៉ះពាល់ដល់បរិស្ថាន នៃការរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្តថា៖ សម្រាប់ករណីនេះរដ្ឋបាលខេត្តនឹងចេញជាគោលការណ៍ណែនាំរួម ដើម្បីបង្កលក្ខណៈដល់អាជ្ញាធរស្រុក ក្រុងងាយស្រួលសម្រេចក្នុងការគ្រប់គ្រង៕