ដោយ : បន្ទាយ
បន្ទាយមានជ័យ : សមាជិកព្រឹទ្ធសភានិងមន្ត្រីអាជ្ញាធរ និងសប្បុរសជន កាលពីថ្ងៃទី០៧ខែតុលាឆ្នាំ២០២៤ បានចុះចែកអំណោយដល់ប្រជាពលរដ្ឋជួបការលំបាកជីវភាពចំនួន១០គ្រួសារ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។
អញ្ជើញចុះមានលោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ភូមិភាគទី៤ អមដំណើរដោយលោកដា ទឹង ប្រធានក្រុមប្រឹក្សា លោកលឿង សូភក្តិ អភិបាលស្រុកស្វាយចេកនិងទទួលដំណើរដោយមន្ត្រី លោកងិន សុទ្ធី មេឃុំស្វាយចេកនិងក្រុមការងារ ។
លោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកអោយដឹងថា: យោងសេចក្តីរាយការណ៍ពីភ្នាក់ងារភូមិ អាជ្ញាធរឃុំស្តីពីសុខទុក្ខនិងជីវភាពរបស់បងប្អូនពលរដ្ឋដូចខាងលើ ទើបថ្នាក់ដឹកនាំនិងអាជ្ញាធរស្រុកចុះមកចែកអំណោយដូច្នេះ ។
អំណោយតម្លៃជិត២លានរៀល ដែលបានពីឥស្សរជននិងមន្ត្រីខាងលើ ព្រមទាំងលោកស្រីជា រដ្ឋា ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១យួរ ថវិកា៣ម៉ឺនរៀល។
លោកឈើយ ចាន់ណា បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំស្ថាប័នជាតិមកជូនពលរដ្ឋខាងលើ ហើយណែនាំអោយបងប្អូនបន្តខិតខំប្រកបរបររកស៊ីនិងថែទាំសុខភាព ហើយចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តផែនការភូមិឃុំមានសុវត្ថិភាព ៕