ដោយ : បន្ទាយ
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៤ ក្រុមការងារជួយសង្គ្រោះស្រុក ឃុំបានមុជទឹករុករកសពកុមារ២នាក់ដែលបាត់ខ្លួនក្នុងឧបទ្ទហេតុក្រឡាប់ទូកលិចទឹកទន្លេកាលពីវេលាម៉ោង ១៨ និង២០នាទី យប់ថ្ងៃទី៤ខែតុលាឆ្នាំ២០២៤ នៅទន្លេសាបភូមិកំពង់ត្រឡាចក្រោមឃុំ/ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
គិតត្រឹមម៉ោង២២និង២២នាទី នាយប់ដដែលនោះ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរ ឃុំ ភូមិ ប្រជាការពារនិងប្រជាពលរដ្ឋដែលដឹកនាំ បញ្ជាដោយលោកស៊ុន សុវណ្ណារឹទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងចូលរួមដោយលោកស្នងការ ស្នងការរងនគរបាល មេបញ្ជារការ.រងអាវុធហត្ថ តំបន់ប្រតិបត្តិការសឹកខេត្ត លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាចបានខិតខំសង្រ្គោះ និងស្វែងរកកុមារចំនួន២ នាក់ដែលបានលិចទឹកបាត់ខ្លួន ហើយពុំទាន់ឃើញនៅឡើយ ក្នុងឧបទ្ទវហេតុលិចទូកឈើ១គ្រឿងក្នុងទន្លេនោះ ។
មុនកើតហេតុ មានទូកឈើ(ម៉ាស៊ីន) ប្រវែង៦ម៉ែត្រនិងទទឹង១ម៉ែត្រ បើកបរដោយឈ្មោះ ហាប់ មូសា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិសំរិទ្ធជ័យ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។
មន្ត្រីអាជ្ញាធរស្រុកកំពង់ត្រឡាចបានឲ្យដឹងថា: ទូកមានដឹកមនុស្សចំនួន ៤នាក់គឺមនុស្សចាស់១នាក់ដែលជាអ្នកបើកបរនិងអ្នករួមដំណើរ៣នាក់ជាកុមារ ។
ទូកចេញដំណើរពីត្រើយខាងកើតនាភូមិសំរិទ្ធជ័យដើម្បីឆ្លងមកត្រើយខាងលិចភូមិកំពង់ត្រឡាចក្នុងបំណងទៅដេកកំដរម្តាយដែលមានជំងឺ ។តែជាអកុសលនៅពេលទូកឆ្លងបានជិតពាក់កណ្តាលទន្លេ ក៏មានភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំងបណ្តាលឲ្យទូកក្រឡាប់លិច ។
លោក កុយ ញ៉ាន មេឃុំកំពង់ត្រឡាច បានឲ្យដឹងថា: ជនរងគ្រោះទាំង ៤នាក់ រួមមាន÷ ១. ឈ្មោះ ហាប់ ម៉ូសា អាយុ ៤៦ឆ្នាំ ត្រូវជាឪពុកនិងជាម្ចាស់ទូក (សង្គ្រោះបាន)។ ២. ឈ្មោះម៉ូសា អាប់ទល់ឡោះ ភេទប្រុស អាយុ ៥ឆ្នាំ ត្រូវជាកូន (សង្គ្រោះបាន), ឈ្មោះ ម៉ូសា ណូតហាយ៉ាទី ភេទស្រី អាយុ ១៤ឆ្នាំ ត្រូវជាកូន (បាត់ខ្លួន)
និង៤. ឈ្មោះ សុគ្រី យ៉ាម៉ាល់ ភេទប្រុស អាយុ ១៤ឆ្នាំ នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវត្រូវជាក្មួយ (បាត់ខ្លួន)។
នាពេលនោះ លោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុកនិងអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានកិច្ចសហការ ពីកងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយអធិការដ្ឋាននគរបាលស្រុកនិងកងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក, ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាការពារ រួមទាំងប្រជាពលរដ្ឋបានចូល រួមយ៉ាងសកម្មក្នុងការជួយសង្រ្គោះ និងខិតខំស្វែងរកកុមារទាំង២រូបដែលបានបាត់ខ្លួន ។
លុះព្រឹកថ្ងៃទី០៥ខែតុលា ក៏បានរកឃើញសព ហើយស្រង់ រួចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមទំនៀមទម្លាប់សាសនា។
លោកអភិបាលខេត្ត អភិបាលស្រុកនិងអ្នកពាក់ព័ន្ធបានចូលរួមរំលែកទុក្ខ ហើយចូលថវិកានិងសម្ភារស្បៀងតាមសទ្ធាដល់គ្រួសារនៃសព ៕