ដោយ៖ កំចាយ
កែប÷ រយ:ពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ខេត្តកែបមានវត្តមានភ្ញៀវមកកម្សាន្តជិត៨ម៉ឺននាក់។
របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកែបបានបញ្ជាក់ថា៖ រយ:ពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌភ្ញៀវដែលបានមកកម្សាន្ត និងស្នាក់នៅក្នុងខេត្តកែបមាន៧៩.៥៣៨នាក់។ ក្នុងចំណោមនោះ ទេសចរជាតិចំនួន៧៩.១៤៣នាក់ និងភ្ញៀវអន្តរជាតិចំនួន៣៩៥នាក់។ របាយការណ៍បានបញ្ជាក់ទៀតថា ស្ថានភាពទូទៅមានលក្ខណ:ល្អប្រសើរ ដោយមន្ទីរទេសចរណ៍មិនបានទទួលបណ្តឹងណាមួយស្តីពីភាពមិនប្រក្រតីសម្រាប់ការមកកម្សាន្តក្នុងខេត្តកែបទេ។
ភ្ញៀវមកពីរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា៖ ម្ហូបអាហារ ពិសេសគ្រឿងសមុទ្រមានការឡើងថ្លៃបន្តិចបន្តួច តែគាត់អាចទទួលយកបាន ព្រោះថ្ងៃបុណ្យទានជារឿងធម្មតាទៅហើយដែលការផ្គត់ផ្គង់អាចមិនគ្រប់គ្រាន់។ អ្វីដែលពួកគាត់ចាប់អារម្មណ៍គឺខេត្តកែបបច្ចុប្បន្នមានការអភិវឌ្ឍគួរឱ្យកោតសរសើរ៕