ព័ត៌មានជាតិ

បន្តរកបច្ច័យកសាងបង្ហើយមហាសាលាឆាន់វត្តចមសុទ្ធាវាសហៅវត្តស្វាយចាស់,ប្រធានក្រុមការងារចុះជួយខេត្តដឹកនាំកាន់បិណ្ឌ

ដោយ : ប.ជ័យ

បន្ទាយមានជ័យ :ការរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី១២ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នៅវត្តចមសុទ្ធាវាស (វត្តស្វាយចាស់)ជាវត្តដ៏ចំណាស់និងជាអតីតវត្តមេគណខេត្ត ស្ថិតនៅភូមិ១សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណក៏បានធ្វើឡើងតាមប្រពៃណីទំនៀមទម្លាប់ សាសនាដែរ។
ក្នុងនោះបំណងចម្បងគឺរៃអង្គាស ប្រមូលបច្ច័យដើម្បីកសាងបង្ហើយមហាសាលាឆាន់ដែលសាងសង់បានប្រមាណ៨០% ហើយនោះ។

នេះបើតាមអាចារ្យនិងគណ:កម្មការវត្តអោយដឹងកាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៤ ។
ក្នុងវេននោះ ក៏មានវត្តមានលោក កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដោយ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សា អភិបាលនៃគណ:អភិបាល រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពោលគឺក្រុមការងារនិងអាជ្ញាធរដែនដីបានពិធីសូត្រមន្ត រាប់​បាត្រ ប្រគេននិង​ឆ្លងវេនទី​១២​ នៅវត្ត​ ចមសទ្ធាវាស(វត្ត​ស្វាយ​ចាស់​)​ ភូមិ១ សង្កាត់​ព្រះពន្លា​ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ។

ក្នុងនោះ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងមេគណខេត្តគណៈមហានិកាយ ព្រះសមណ:មុនីជួប ពរ ព្រះរាជាគណៈថ្នាក់កិត្តិយស -ព្រះវិន័យធរគណខេត្តនិងមន្ត្រីសង្ឃបានគង់ទទួលនូវការគោរពសក្ការ: ធ្វើកិច្ច។
ក្នុងវេននោះ ប្រមូលបច្ច័យបាន១០លានរៀល ដោយមួយផ្នែកធំ ទុកសម្រាប់ការចំណាយលើការងារកសាងមហាសាលាឆាន់។
ហើយបច្ច័យពីវេនមុនៗ រួមទាំងវេនរបស់លោកឧត្តមសេនីយ៍ត្រីបោន ប៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងសហការីប្រមូលបានបច្ច័យ១០,៧៧លានរៀល ផងដែរ។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ានថ្លែងអរគុណចំពោះអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋដែលបានចូលរួម និងសូមបន្តចូលរួមការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមដើម្បីបន្តអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យបានរីកចម្រើនទៅមុខទៀត ។

ជាមួយគ្នានេះ បានបូជាទៀនធូបផ្កាភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ និងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃ និងចែកជូនមាន៖
១. អង្ករ១០០គ.ក្រ មី៦កេស ត្រីខ៨យួរ ទឹកស៊ីអីវ ៦យួរ ទឹកត្រី៦យួរ ទឹកក្រូច៤កេស ទឹកបរិសុទ្ធ៦កេស និងបច្ច័យកសាង១០លានរៀល។
២. បច្ច័យបួនប្រគេនព្រះសង្ឃ និងជូនលោកអាចារ្យ ប្រជាការពារ សរុប ១លាន៩៦ពាន់រៀល។
៣. ប្រជាពលរដ្ឋចូលរួមចំនួន៣៥០នាក់ ម្នាក់ៗទទួលបានសារុង១ ថវិកា១ម៉ឺនរៀលផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ លោកលោក កែ គឹមយ៉ានអមដោយក្រុមការងារនិងអាជ្ញាធរដែនដី បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពព្រះពន្លា។
និងក៏បានចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានព្រះពន្លាដ៏សំខាន់ចាំបាច់ទាំងពីរទីតាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ហើយទទួលបានការថ្លែងអំណរគុណពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប រួមមាន៖
ក៖ ទីតាំងទី១ តភ្ជាប់ពីភូមិ៣-ភូមិព្រៃឬស្សី ប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ កំពុងដំណើរការសាង់សង់ ខ៖ ទីតាំងទី២ តភ្ជាប់ពីភូមិព្រះពន្លា-ភូមិចក ប្រវែង១០៨ម៉ែត្រ ទទឹង១០ម៉ែត្រ សម្រេចបានប្រមាណ៥០%។

ក្នុងដំណើរចុះមកខេត្តលើកនេះផងដែរ អ្នកតំណាងរាស្ត្រនិងក្រុមការងារ បានបន្តចុះត្រួតពិនិត្យសាលាបណ្តុះបណ្តាលបច្ចេកទេសនៅវិទ្យាល័យមង្គលបូរី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យផងដែរ៕