ដោយ៖ស-សម្បត្តិ
ភ្នំពេញ៖ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា CTAFAបានបញ្ជាក់ក្នុងវេទិកាសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជា ក្រោមប្រធានបទស្តីពី៖«ការរៀបចំបញ្ជីស្នាមហិរញ្ញវត្ថុ ជំនាញទន់ និងមូលដ្ឋានគ្រឹះឌីជីថល» ដែលរៀបចំឡើងដោយលោកជំទាវ ឧកញ៉ាបណ្ឌិត កែវ មុំ នៅហ្វេកធើរីភ្នំពេញកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ថា៖ ការអនុវត្ត នូវប្បញ្ញត្តិ ច្បាប់ ស្តីពីពន្ធដារ គឺជារឿងដ៏សំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបជាពិសេសគឺម្ចាស់អាជីវកម្មទាំងតូច មធ្យម និងធំ។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សារ៉ាវុធ បានលើកយកនូវប្រធានបទសំខាន់ៗដូចជា៖ នីតិវិធីនៃការចុះបញ្ជីសហគ្រាស ចំណាត់ថ្នាក់អ្នកជាប់ព័ន្ធ កាតព្វកិច្ចសារពើពន្ធ សវនកម្មពន្ធដារ ទោសប្បញ្ញត្តិសារពើពន្ធ និងគណនេយ្យ ព្រមទាំងរហូតទៅដល់ការបិទសហគ្រាស ទុកសម្រាប់ជាជំនួយស្មារតីដ៏សំខាន់ ក៏ដូចជាចំណេះដឹងដល់អ្នកចូលរួម ដើម្បីយកទៅអនុវត្ត ក្នុងការធ្វើអាជីវកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវនិងអនុលោមទៅតាមច្បាប់។
ឯកឧត្តម អ៊ុំ សារ៉ាវុធ បានរំលឹកថា ម្ចាស់អាជីវកម្មទាំងអស់ មុននឹងបើកអាជីវកម្មអ្វីមួយ ទោះតូចក្តីឬធំក្តីត្រូវតែពិនិត្យទៅលើទិដ្ឋភាពច្បាប់។ ថាតើអាជីវកម្មរបស់យើងវាមានជាប់ពាក់ព័ន្ធទៅនឹងច្បាប់អ្វីខ្លះ? ជាពិសេសគឺច្បាប់ពន្ធដារនេះតែម្តង។ បើមិនដូច្នោះទេនៅពេលដែលយើងដំណើរការអាជីវកម្មទៅ វានឹងជួបបញ្ហាអាចជំពាក់ពន្ធរដ្ឋ ឈានទៅបិទអាជីវកម្ម អាចមានទោសទណ្ឌឬអាចឈានទៅដល់ប្រឈមនឹងជាប់ពន្ធនាគារទៀតផង ។
ឯកឧត្តមបានបញ្ជាក់ថា កន្លងមកមានបងប្អូនជាម្ចាស់អាជីវកម្មមួយចំនួន នៅពេលធ្វើអាជីវកម្មពួកគាត់ហាក់ដូចជាបានផ្តោតខ្លាំងតែទៅលើការធ្វើទីផ្សារ ឬការផ្សព្វផ្សាយផ្សេងៗ។ រីឯកម្ចាស់អាជីវកម្មខ្លះពេលដំណើរការអាជីវកម្មរបស់ខ្លួនទៅជួបបញ្ហាក៏ផ្អាកឬបិទអាជីវកម្មចោលដោយខ្លួនឯងមិនបានជូនដំណឹងពីការប្រកាសបិទនោះឲ្យបានត្រឹមត្រូវទេ។
ពួកគាត់ហាក់មិនបានចាប់អារម្មណ៍សិក្សាឈ្វេងយល់ឲ្យបានស៊ីជម្រៅពីបទប្បញ្ញត្តិ និងច្បាប់ផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងពន្ធដារនោះទេ។ ផ្តើមចេញពីលើមូលដ្ឋាននោះ អាជីវកម្មរបស់គាត់ងាយនឹងជួបហានិភ័យដោយសារតែការមិនយល់ដឹងពីបញ្ហាទាំងអស់នោះ។
ប៉ុន្តែឥឡូវនេះអ្វីដែលជាបញ្ហាសម្រាប់ម្ចាស់អាជីវកម្មទាំងអស់នោះ យើងមានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារCTAFA ដែលទើបនឹងបង្កើតឡើង ប្រមូលផ្តុំទៅដោយអ្នកមានចំណេះ ជំនាញនិងបទពិសោធច្បាស់លាស់លើវិស័យពន្ធដារ គណនេយ្យ និងសវនកម្ម រង់ចាំចូលរួមជួយប្រឹក្សាយោបល់ និងផ្តល់ដំណោះស្រាយពីបញ្ហាផ្សេងៗ ជាពិសេសលើបញ្ហា ពន្ធដារ គណនេយ្យ សវនកម្ម និង ច្បាប់ពាណិជ្ជកម្មទៅដល់បងប្អូនម្ចាស់អាជីវកម្មដែលជួបប្រទះការលំបាកនៅក្នុងការដោះស្រាយ។
សូមព្ជាក់ថា សមាគមCTAFA ត្រូវបានប្រកាសគាំទ្រយ៉ាងពេញទំហឹងពីអគ្គនាយកដ្ឋានពន្ធដារ ហើយត្រូវបានអគ្គនាយដ្ឋានពន្ធដារ ចាត់ទុកជាដៃគូសហការដ៏ល្អ ធ្វើការដោយផ្ទាល់ជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារក្នុងការចូលរួមនិងជួយជំរុញការអនុវត្តច្បាប់ពន្ធដារនៅកម្ពុជាឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនបានឆាប់រហ័ស។
លោកជំទាវ ឧកញ៉ា បណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា CPMEC ដែលបានរៀបចំឲ្យមានវេទិកានេះ បានឲ្យដឹងថា វេទិកានេះទទួលបានលទ្ធផលល្អដោយមានវាគ្មិនកិត្តិយសសំខាន់ៗបានចូលរួម។ ក្នុងនោះមានដូចជា៖ ឯកឧត្តមអ៊ុំ សារ៉ាវុធ, ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ លោក ទិត្យ កំរង, លោកនួន រស្មី និងសម្របសម្រួលដោយអ្នកគ្រូ ប៉ែន បុប្ឆា។
លោកជំទាវ ឧកញ៉ា បណ្ឌិត កែវ ម៉ុំ បានបញ្ជាក់ឲ្យដឹងទៀតថា វាគ្មិនម្នាក់ៗបានលើកយកនូវប្រធានបទល្អៗទាក់ទាញ ផ្សេងៗពីគ្នាមកចែករំលែកនិងចុងក្រោយ មានកម្មវិធីសំណួរចម្លើយ ទុកជាចំណេះដឹងដ៏សំខាន់ទៅដល់អ្នកចូលរួមក្នុងក្នុងវេទិកាសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជា នេះទទួលបានលទ្ធផលល្អ៕