ដោយ : បន្ទាយ
ពោធិ៍សាត់ ៖ បន្ទាប់ពីមានអង្គភាពសារព័ត៌មាននិងបណ្តាញសង្គមផ្សព្វផ្សាយថាមានបទល្មើសជាច្រើនកន្លែងនៅចំណុចជ្រោយតាគតនិងចំណុចផ្សេងទៀតនៅបឹងទន្លេសាបក្នុងភូមិសាស្ត្រឃុំរាំងទឹល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់នោះ ឥឡូវនេះលោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បានឲ្យដឹងដូចដែលរាយការណ៍ជូនលោកហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ថា លោកបានដឹកនាំមន្ត្រីជំនាញនិងកម្លាំងបានចុះបង្ក្រាបនៅទីតាំងខាងលើរួចរាល់អស់ហើយកាលពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤ ។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ ការចុះបង្ក្រាបមានដូចតទៅ៖ កាលពីយប់(ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤) កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផល កណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយរងផ្នែកក្រគរ សហការជាមួយយោធាខេត្ត បានចេញប្រតិបត្តិការ ត្រួតពិនិត្យទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលនៅចំណុចខាងលិចជ្រោយតាគុត ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀងខេត្តពោធិ៍សាត់។
ជាលទ្ធផលបង្រ្កាបបានចំនួន០១ ករណីនេសាទដោយឧបករណ៍ឈ្នក់(ឆ្នុក)រួមផ្សំអំពូលភ្លើងឧបករណ៍ខុសច្បាប់រួមមាន÷
– អាគុយចំនួន ០៤ គ្រឿង, អំពូលភ្លើងចំនួន ០៤ អំពូល, ប្រដាប់បំលែងភ្លើង(អាំងវែរទ័រ)ចំនួន ០៤ គ្រឿង, ខ្សែភ្លើងប្រវែង ៤០ ម៉ែត្រ, ខ្សែរួមផ្សំប្រវែង ២០០ ម៉ែត្រ។
ព្រឹក(ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤) កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយលោក ហុក ម៉េងអាន នាយរងផ្នែកក្រគរ សហការជាមួយ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងយោធាខេត្ត កម្លាំងសរុប ៧នាក់ មធ្យោបាយធ្វើដំណើរកាណូតចំនួន២ គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យទប់ស្កាត់និងបង្រ្កាបបទល្មើសជលផល នៅចំណុចចាប់ពីផាត់សណ្ដោងរហូតដល់ជ្រោយតាកែវ ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ជាលទ្ធផលបង្រ្កាបបានចំនួន ០១ករណី ឧបករណ៍ខុសច្បាប់រួមមាន÷ របាំងសាច់អួនក្រឡាល្អិតចំនួន ៥ ខ្សែ ប្រវែង ១៦០០ ម៉ែត្រ, ក្បាលបរចំនួន២ គ្រឿង, លូកងសាច់អួនចំនួន៧ មាត់, បង្គោលចំនួន ៥៤០ ដើម, ចាក់លែងត្រីចម្រុះទម្ងន់ ២៥ គីឡូក្រាម។
ជាចុងក្រោយ លោកនាយខណ្ឌឲ្យកម្លាំងសមត្ថកិច្ចសូមផ្ដាំទៅបងប្អូនអ្នកនេសាទ នៅរដូវបទបិទនេសាទនេះ មេត្តាកុំដាក់បទល្មើសចាប់យកកូនត្រី និងកុំបំផ្លាញកូនត្រី រួមទាំងមច្ឆជាតិនៅរដូវនេះ សូមកុំប្រព្រឹត្តឲ្យសោះ ព្រោះនៅរដូវបិទនេសាទនេះត្រីកំពុងតែពងកូន ៕