ព័ត៌មានជាតិ

ភ្លៀងបន្តធ្លាក់ចុងក្រោយនេះធ្វើឲ្យស្រូវប្រែពណ៌ស្រអាប់ និងសើម ប៉ះពាល់គុណភាពកសិករពិបាកក្នុងការលក់ចេញ

ដោយ៖ព្រះអង្គខ្មៅ

បាត់ដំបង÷ ទឹកភ្លៀងបន្តធ្លាក់ជាប់ៗគ្នាចុងក្រោយនេះបានធ្វើឲ្យផលស្រូវប្រែពណ៌ស្រអាប់ និងសើម បង្កការលំបាកដល់កសិករ តម្លៃធ្លាក់ទាបក្នុងការលក់ចេញ ។

កសិករឈ្មោះ វុទ្ធី ទូចបុប្ផា រស់នៅក្នុងភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បានលើកឡើងឲ្យដឹងនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា÷ បច្ចុប្បន្ននាងធ្វើស្រែប្រភេទពូជស្រងែ ចំនួន ៦ហិកតា ជាដីកម្មសិទ្ធិខ្លួនឯងមួយហិកតា និងដីស្រែជួលគេចំនួន ៥ហិកតា។

ឆ្នាំនេះផលស្រូវកើនជាងឆ្នាំមុនដោយមួយហិកតាបានផលចំនួន ៥តោន ប៉ុន្តែប្រឈមនឹងទឹកលិចខ្លាំង មមៀចស៊ី ស្រូវកើតមេរោគឡើងក្រហម អុចខ្មៅ និងសើមគ្រាប់ស្រូវ ការប្រឈមចុងក្រោយគឺស្រូវប្រភេទលេខ ២ ( ស្រូវឡើងពណ៌ក្រហម អុចខ្មៅ និងសើមតិចៗ )តម្លៃធ្លាក់ទាបឈ្មួញមិនចង់ទិញមើលហើយដើរចេញ។

ចំណែកកសិករឈ្មោះ អៀង វិចា មានទីលំនៅក្នុងភូមិអូសទូកបានប្រាប់ស្រដៀងគ្នាដែរថា÷ ស្រែប្រាំងឆ្នាំនេះអ្នកស្រីធ្វើចំនួន ៩ហិកតា ចំពោះភោគផលកើនជាងឆ្នាំកន្លងមកបន្តិច ប៉ុន្តែតម្លៃផលស្រូវលក់ចេញឈ្មួញឲ្យថ្លៃទាបបន្តិចពិបាកទទួលយកបានដោយសារមិនរួចថ្លៃឈ្នួលភ្ជួររ៉ាស់ ថ្លៃជី ច្រូតកាត់ជាដើមចំណាយថ្លៃដើមច្រើន។

កសិករខាងលើបន្តថា÷ ហាងឆេងស្រូវប្រភេទល្អកាលពីដើមខែកញ្ញា លក់បានក្នុងតម្លៃ ១លាន ១០ម៉ឺន ទៅ១លាន ១៥ម៉ឺនរៀលក្នុងមួយតោន តែបច្ចុប្បន្ននេះប្រភេទល្អដូចគ្នាលក់បានត្រឹមតម្លៃ ១លាន ៣ម៉ឺន ប៉ុណ្ណោះ ដោយឡែកចំពោះស្រូវដែលស្រអាប់ពណ៌ប្រភេទលេខ ២ឈ្មួញមិនឲ្យតម្លៃតែម្តង គឺអង្វរឈ្មួញស្ទើរទន់ឆ្អឹង ស្រូវប្រភេទលេខ ២នេះលក់បានតម្លៃត្រឹមតែ ៨៦ម៉ឺនរៀលប៉ុណ្ណោះ ។

កសិករលោក គឹម បឿន រស់នៅក្នុងភូមិសាលាត្រាវ ក៏បានលើកជាសំណូមពរដល់ម្ចាស់រោងម៉ាស៊ីន មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសថ្នាក់ដឹកនាំជួយកសិករផងសុំឲ្យឆ្នាំខាងមុខៗទៀតទទួលទិញផលស្រូវប្រភេទលេខ ២ និងសុំឲ្យមានតម្លៃខ្ពស់បន្តិច ព្រោះអាកាសធាតុមេឃធ្លាក់ភ្លៀងធ្វើឲ្យស្រូវខូចគុណកើតមានរោគគេចមិនផុតស្ទើរតែជាងពាក់កណ្តាលនៃស្រូវល្អគុណភាពខ្ពស់ពុំនោះទេកសិករមិនមានទឹកចិត្តដាំដុះឡើយ៕