ភ្នំពេញ៖ សមាគមសហព័ន្ធ ភ្នាក់ងារ សេវាកម្មពន្ធដារកម្ពុជា CTAFA នឹងមានរៀបចំឲ្យមានព្រឹត្តិការណ៍ដ៏អស្ចារ្យ តាមរយៈសិក្ខាសាលាក្រោមប្រធានបទស្តីពី«បច្ចុប្បន្នភាពនៃវិធានរដ្ឋបាលសារពើពន្ធ គណនេយ្យ និងច្បាប់ពាណិជ្ជកម្មសម្រាប់ធុរកិច្ចជន»ក្នុងបរិបទបច្ចុប្បន្ននេះ។
សិក្ខាសាលានឹងត្រូវរៀបចំធ្វើឡើងចាប់ពីម៉ោង១៣: ០០នាទីដល់ម៉ោង១៧:០០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) ជ្រោយចង្វា , សាលប្រជុំបាយ័ន, ជាន់ទី១៥ ក្នុងរាជធានីភ្នំពេញ។
ទីតាំងសម្រាប់រៀបចំសិក្ខាសាលាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤
តាមរយៈសិក្ខាសាលានេះអ្នកចូលរួមនឹងមានឱកាសដ៏សំខាន់ទទួលបានកាន់តែច្បាស់នូវចំណេះដឹង បញ្ហាជាគន្លឹះផ្សេងៗ ក៏ដូចជាបទពិសោធថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ គណនេយ្យ និងច្បាប់ពាណិជ្ជកម្មសម្រាប់យកទៅអនុវត្តលើអាជីវកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងអនុលោមតាមច្បាប់។
នៅក្នុងសិក្ខាសាលានោះនឹងមានការចូលរួមចែករំលែកពីវាគ្មិនកិត្តិយសសំខាន់ៗចំនួន៤រូបដែលមានបទពិសោធនិងការយល់ដឹងស៊ីជម្រៅនៅក្នុងវិស័យទាំងនេះ។
ទី១-លោក សួន ប៊ុនធឿន ស្ថាបនិកនិងជាប្រធានក្រុមហ៊ុនមេធាវីលីហ្គលត្រាស់ នឹងបកស្រាយបញ្ជាក់ «តើអ្វីខ្លះដែលជាកត្តាប្រឈមសំខាន់ៗរបស់សហគ្រាសចំពោះច្បាប់ពាណិជ្ជកម្ម?»
ទី២-លោកស្រី ឡាបូរ ស្ថាបនិក និងជានាយកគ្រប់គ្រង ក្រុមហ៊ុន LBSR CONSULTING Co., LTD នឹងលើកឡើងអំពី «អាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងវិធីគិតអាករជំនួស»
ទី៣-លោក វុទ្ធី តារ៉ា ប្រធានបច្ចេកទេសក្រុមហ៊ុនយូ អេសអវីគ្រុប ឯក នឹងបញ្ជាក់លម្អិត « តើម្ចាស់អាជីវកម្មចាំបាច់ត្រូវត្រៀមខ្លួនបែបណាខ្លះសម្រាប់ការធ្វើសវនកម្មពីពន្ធដារ?»
ទី៤-លោកស្រី លឹម សុដាលីន អ្នកគ្រប់គ្រងជាន់ខ្ពស់ អេកូវីស វីអេសឌីខេ & ផាតនើរ ឯ.ក នឹងបង្ហាញអំពី«តើមានសំណុំរបាយការណ៍ហិរញ្ញវត្ថុអ្វីខ្លះដែលតម្រូវឲ្យដាក់ជូននិយ័តករគណនេយ្យ និងសវនកម្ម?។
សូមបញ្ជាក់ថា សិក្ខាសាលាដ៏មានសារសំខាន់នេះ នឹងមានការគាំទ្រនិងមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម បណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ជាមួយនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រធានសមាគម ,ប្រធានស្ថាប័នសំខាន់ៗមួយចំនួនដែលជាដៃគូ ព្រមទាំងសមាជិកសមាគមនិងសាធារណជនប្រមាណពី១០០ទៅ១៥០នាក់។
អាស្រ័យហេតុនេះ ប្រសិនបើឯកឧត្តម លោកជំទាវ អស់លោក លោកស្រីមានការចាប់អារម្មណ៍ មានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ សូមមេត្តារួសរាន់ទំនាក់ទំនងតាមរយៈលេខទូរសព្ទរបស់សមាគម CTAFA៖ 088 507 8888 និងព័ត៌មានបន្ថែមដែលមាន នៅលើផ្ទាំងផ្សព្វផ្សាយ(Poster)តាមរយៈFacebook Page ផ្លូវការរបស់សមាគមCTAFA ផងដែរ៕