ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ វេលាម៉ោង០០និង១០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីទទួលព័ត៌មានពីសន្តិសុខយាមនៅក្បែរបេនឡាន(បេនចាន) ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ថាមានករណីលក់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងមូលដ្ឋានកងរាជអាវុធហ្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកេីតហេតុ និងឃាត់ខ្លួនជនសង្ស័យ២នាក់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតបានឲ្យដឹងនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៤ ថា: កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន៖ ១-ឈ្មោះ ឈឿត សុគន្ធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ, ២.-ឈ្មោះ អាណានតាផន សែងផា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ព្រមទាំងចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៤ថង់កិប ស្មើនឹង៤០គ្រាប់ ទម្ងន់ ៤,៧៨ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង, ទូរសព្ទ ចំនួន ០១គ្រឿង (ម៉ាកiphone11 ពណ៌ខ្មៅ), អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ (Arnantaporn Saengpha) ចំនួន ០១សន្លឹក ។
បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថក្រុង នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។
កម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផល វិជ្ជមាន(+) ទាំងពីរនាក់។
ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពដូចដែលបានចោទនិងមានវត្ថុតាង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕