ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យរាប់បាត្របញ្ចប់វេនបិណ្ឌទី៥នៅវត្តស្វាយចាស់ក្រុងសិរីសោភ័ណ

ដោយ : បន្ទាយ

បន្ទាយមានជ័យ ÷ នៅថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត ព្រមទាំងក្រុមគ្រួសារ អញ្ជើញរាប់បាត្របញ្ចប់វេនបិណ្ឌទី៥ នៅវត្តចមសុទ្ធាវាស ( ហៅវត្តស្វាយចាស់ ) ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងបាននាំយកទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាមខាងលើផងដែរ។

នាឱកាសដ៏ប្រពៃថ្លៃថ្លានោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ក៏បានថ្វាយធូប ទៀន ចំពោះព្រះសម្មាសម្ពុទ្ធ និងបានស្តាប់ព្រះសង្ឃនមស្សការព្រះរតនត្រ័យ សមាទានសីលចម្រើនព្រះបរិត្ត និងបានប្រគេនយាគូ រាប់បាត្រ វេរភត្តាហារឆ្លង ជាកិច្ចបញ្ចប់បុណ្យកាន់វេនបិណ្ឌទី៥ ។

សូមបញ្ជាក់ថា ក្នុងឱកាសកាន់វេនបិណ្ឌទី៥នេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បាននាំយកទេយ្យទានប្រគេនព្រះសង្ឃរួមមាន៖ អង្ករ៥ ការុង ស្មើនឹង១២៥ គីឡូក្រាម, ត្រីខ ១កេស, មី ១ កេសធំ, ទឹកសុទ្ធ ២០យួរ និងបច្ច័យចំនួន ១០លាន ៧៩ម៉ឺនរៀល៕