ព័ត៌មានជាតិ

មន្ត្រីរាជការ កងកម្លាំងនិងមហាជនខេត្តបន្ទាយមានជ័យ ៖ ចងចាំគុណូបការៈស្មារតី២ធ្នូនៃការបង្កើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា”

ដោយ : បន្ទាយ
ក្រចេះ :មន្ត្រីរាជការ កងកម្លាំងនិងមហាជនខេត្តបន្ទាយមានជ័យ បានទស្សនាវិមានអនុស្សាវរីយ៍២ធ្នូ នៅភូមិជើងឃ្លូឃុំ២ធ្នូស្រុកស្នួលខេត្តក្រចេះ កាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៤ នោះបានសម្តែងអារម្មណ៍ដឹងគុណនិងចងចាំមិនភ្លេចនូវគុណូបការៈស្មារតី២ធ្នូនៃការបង្កើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា”។

សូមបញ្ជាក់ថា លោកអ៊ុ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រីបានដឹកនាំប្រតិភូប្រមាណ២០០ប្លាយនាក់មានសមាសភាពជាថ្នាក់ដឹកនាំគណ:អភិបាលគឺលោកហ៊ឹល រ៉ាយ៉ា លោកស្រីរស់ សូផានី ជាអភិបាលរងខេត្ត និងលោកមួន យុគសាន លោកលន់ វាសនា សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សា អភិបាលរងស្រុកក្រុង,អនុប្រធានមន្ទីរអង្គភាព មេបញ្ជាការង បញ្ជាការដ្ឋាន ស្នងការរងស្នងការដ្ឋាន,យុវជនខេត្ត ក្រុងស្រុក ឃុំ សង្កាត់និងអ្នកពាក់ព័ន្ធទៅតំបន់អភិវឌ្ឍន៍ ទេសចរណ៍នៃខេត្ត៤ ភូមិភាគឦសាន ប្រទេសកម្ពុជាពីថ្ងៃទី២០-២២ខែកញ្ញាឆ្នាំ២០២៤ ។

នៅស្រុកស្នួលខេត្តក្រចេះ ប្រតិភូបានទស្សនាច្រកព្រំដែនអន្តរជាតិត្រពាំងស្រែនិងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសនាឃុំត្រពាំងស្រែនិងវិមានអនុស្សាវរីយ៍២ធ្នូ នៅភូមិជើងឃ្លូឃុំ២ធ្នូស្រុកស្នួល។

នៅទីនោះ ប្រតិភូត្រូវបានត្រូវទទួលបដិសណ្ឋារកិច្ចដ៏រាក់ទាក់ កក់ក្តៅពីលោកហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ ,លោកសាម ណាល់ អភិបាលស្រុកស្នួល លោកស្រីកុយ សំបូរ អភិបាលរងស្រុក លោកប្រធានទីស្នាក់ាការច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ លោកឧត្តមសេនីយ៍ត្រី ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងស្រែនិងមន្ត្រី ។

លោកហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះបានសម្តែងក្តីសោមនស្សរីករាយនិងសូមស្វាគមន៍ ក៏ដូចជាជូនពរប្រតិភូខេត្តបន្ទាយមានជ័យដែលបានចំណាយពេលវេលាដ៏មានតម្លៃហើយអញ្ជើញមកបំពេញទស្សនកិច្ចទីកន្លែងពីរ ក្នុងចំណោមទីតាំងសំខាន់ៗក្នុងខេត្តក្រចេះ។
ក្នុងនោះច្រកព្រំដែននិងតំបន់សេដ្ឋកិច្ចពិសេសនៅច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏ចម្បងរបស់ខេត្ត ការនាំចេញ ចូលទំនិញនិងការឆ្លងដែនរបស់ពលរដ្ឋកម្ពុជា វៀតណាមនិងភ្ញៀវអន្តរជាតិនិងតំបន់ប្រវត្តិសាស្ត្រដ៏សំខាននៅវិមាន២ធ្នូនេះ ។

ក្នុងនាមភ្ញៀវ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចនិងបង្កលក្ខណ:ងាយស្រួលរបស់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកស្នួល ក៏ដូចខេត្តក្រចេះទាំងការធ្វើដំណើរ បំពេញការងារនិងស្នាក់នៅ។

ចំពោះតំបន់ប្រវត្តិសាស្ត្រនិងវិមាន២ធ្នូ លោកអភិបាលខេត្តបន្ទាយមានជ័យបានកត់សម្គាល់ថា: ‘យើងខ្ញុំមានមោទនភាពនិងរីករាយក្រៃលែងដែលមានឱកាសមកទស្សនកិច្ចដោយផ្ទាល់នៅវិមានអនុស្សាវរីយ៍២ធ្នូនេះ ។យើងខ្ញុំសូមដឹងគុណនិងចងចាំមិនភ្លេចនូវគុណូបការៈស្មារតី២ធ្នូនៃការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា”។”ហើយថ្ងៃនេះបានក្លាយទៅជាថ្ងៃដែលនៅស្ថិតស្ថេរជាអមតៈក្នុងដួងចិត្តប្រជាជនកម្ពុជានិងយើងខ្ញុំ” ។

សូមបញ្ជាក់ថា វិមានអនុស្សាវរីយ៍២ធ្នូមានទីតាំងស្ថិតនៅភូមិជើងឃ្លូឃុំ២ធ្នូស្រុកស្នួល ខេត្តក្រចេះ ភាគឦសាន ប្រទេសកម្ពុជា។វិមាននេះត្រូវបានកសាងឡើង ដើម្បីរំលឹកអនុស្សាវរីយ៍នៃការបង្កើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ឡើងដែលដឹកនាំដោយ សម្តេច ហេង សំរិន អតីតប្រធានរដ្ឋសភា-ប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍កម្ពុជាដែលឈ្មោះដើមថារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលរណសិរ្សនេះត្រូវបានបង្កើតឡើងនៅទីតាំងភូមិសាស្រ្តនៃវិមានអនុស្សាវរីយ៍នេះតែម្ដង។

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែលនាំទៅដល់ការផ្ដួលរំលំរបបខ្មែរក្រហមប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។វិមានអនុស្សាវរីយ៍២ធ្នូ បានចំណាយទឹកប្រាក់សាងសង់ប្រមាណ ៣,៨លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានសម្ពោធនៅថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០១៣ ក្នុងអំឡុងពិធីគម្រប់ខួបទី៣៥ នៃការបង្កើតចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិនេះឡើង (២ ធ្នូ ឆ្នាំ១៩៧៨-២ ធ្នូ ឆ្នាំ២០១៣)។

លោកខាន់ ប៉ូលី ជានាយករដ្ឋបាលសាលាស្រុកព្រះនេត្រព្រះ-ជាយុវជនស្រុកចាប់អារម្មណ៍ថា : “យើងខ្ញុំជាយុវជនទាំងអស់គ្នាបានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា”។

លោកបន្តថា : “រណសិរ្យ២ធ្នូ មិនត្រឹមតែសង្គ្រោះលោកយាយ លោកតាពុកម៉ែយើងទាំងអស់គ្នាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែនូវបានជួយប្រជាជនកម្ពុជាក្នុងការស្តារកសាង និងអភិវឌ្ឍន៍មាតុភូមិឲ្យមានការរីកចម្រើន លើគ្រប់វិស័យ។ ខ្ញុំយល់យ៉ាងច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្យ២ធ្នូនិងជ័យជម្នះថ្ងៃ៧ មករា នោះទេ យើងក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ ។នេះគឺជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលមិនអាចមានជនអគតិណា មកបំភ្លៃបានឡើយ»៕