សន្ដិសុខសង្គម

ចាប់រថយន្តដឹកឈើរបស់ឈ្មួញដុះស្លែក្នុងស្រុកបារាយណ៍និងស្រុកសណ្ដាន់ដែលសកម្មដឹកឈើចេញពីព្រៃឡង់

ដោយ : បន្ទាយ
កំពង់ធំ :វត្ថុតាងបទល្មើសព្រៃឈើរាប់សិបម៉ែត្រត្រីគុណ និងមធ្យោបាយដឹកជញ្ជូន ត្រូវបានធ្វើការឃាត់ចាប់ខ្លួន និងដកហូតដោយមន្ត្រីជំនាញថ្នាក់ជាតិ រួមសហការនឹងសម្របសម្រួលនីតិវិធីជាមួយអយ្យការ និងមន្ត្រីរដ្ឋបាលខេត្ត បន្ទាប់ពីឈ្មួញឈើដុះស្លែជាច្រើននាក់ បាននាំគ្នាដឹកជញ្ជូនដូចកណ្ដៀរតាមរថយន្តធំៗជារៀងរាល់ថ្ងៃចេញពីតំបន់ព្រៃឡង់ភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំនិងខេត្តព្រះវិហារ។នេះបើតាមប្រភពពីសមត្ថកិច្ចនៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៤ ។

សមត្ថកិច្ចបានឃាត់ចាប់រថយន្តដឹកឈើធំតូចចំនួនបីគ្រឿង នៅតាមទីកន្លែងផ្សេងៗគ្នា ដែលក្រុមឈ្មួញដុះស្លែប្រចាំស្រុកបារាយណ៍ បានធ្វើការដឹកជញ្ជូនឈើរដឹកចេញពីតំបន់ព្រៃឡង់ ដែលជាព្រៃការពារចុងក្រោយកាលពីថ្ងៃថ្មីៗនេះ។

យោងតាមប្រភពមួយទៀតបានឲ្យដឹងថា កាលពីវេលាម៉ោងជាង១៥ រសៀលថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៤ កម្លាំងប្រដាប់អាវុធនិងមានការចូលរួមពីលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លោក ពៅ សំបូរ ព្រះរាជអាជ្ញាររង លោកអ៊ិត ភូមិរ៉ា អនុប្រធាននាយករដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងមានការចូលរួមពីលោក តាន់ គឹមសួរ បានចុះបង្គ្រាបបទល្មើសដឹកជញ្ជូនឈើចំនួនបីកន្លែងដោយឡែកគ្នា គឺ១-នៅចំណុចភូមិទួលដំណាក់ឃុំចុងដូង ស្រុបារាយណ៍ ដោយដកហូត ឈើប្រណិតប្រភេទតាប់ចំនួន៦១ដុំ ឈើសុក្រំប្រភេទតាប់ពេញមួយឡានរថយន្ដម៉ាកសាំងយ៉ុង និងឃាត់ខ្លួនម្ចាស់ឈ្មោះជី ណា ភេទស្រី អាយុ៣៨ឆ្នាំ  ។ ទី២- នៅចំណុចភូមិចុងដូងឃុំចុងដូងស្រុបារាយណ៍បានធ្វើការរថយន្តសាំយ៉ុង១គ្រឿង ពណ៌ស ផ្លាកលេខ ភ្នំពេញ 2R7835 ដកហូតឈើប្រណិតចំនួន៨៥ដុំ និងឈើសុក្រំប្រភេទតាប់ពេញមួយឡានសាំយ៉ុង ។

ចំណែកឯការបង្ហើបរបស់សមត្ថកិច្ចមន្ត្រីបានឲ្យដឹងថា : រថយន្តសាំងយ៉ុងទាំងពីរគ្រឿងនេះ ជារបស់ម្ចាស់ឈ្មោះ ជី ណា ភេទស្រី ដែលជាឈ្មួញរកស៊ីដឹកជញ្ជូនឈើដុះស្លែម្នាក់ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ប៉ុស្តិ៍ និងស្នាក់ការសមត្ថកិច្ចជំនាញរាប់មិនអស់ រហូតដល់ភ្នំពេញ និងទៅវៀតណាម ។

ករណីទី៣- ឃាត់ចាប់នៅចំណុចភូមិតាឌុក ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ដកហូតបានឈើប្រភេទឈើផ្ដៀក ឈើទាល ចំនួន៤៥សន្លឹក ប្រភេទឈើក្ដារកកោះ៣២សន្លឹក ឈើតាប់កកោះ១២ដុំ ឈើសសរ១៨ដុំ និងធ្វើការឃាត់ខ្លួនមនុស្សម្នាក់ឈ្មោះ លាប សេងហុង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ជននេះជាមេការ របស់ម្ចាស់ឈើឈ្មោះ កុច កានិត ត្រូវជាកូនរបស់មេភូមិ៩៩ ។

យោងតម្រុយព៌ត័មានថា កន្លងមកឈ្មោះ កុច កានិតតែងធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីព្រៃឡង់យកមកលាក់ទុកនៅក្នុងឃ្លាំងរបស់ខ្លួនក្នុងភូមិតាឌុក រួចរកឱកាសល្អដឹកចេញបន្ត។

មន្ត្រីសមត្ថកិច្ចដដែលឲ្យដឹងថា : នៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២:៣០នាទីថ្ងៃរសៀលក៍មានការឃាត់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ 3ភ្លៅ ផ្លាកលេខ ត្បូងឃ្មុំ 3A 0306 មួយគ្រឿង នៅភូមិជ័យមង្គល ឃុំបល្ល័ង្គ ស្រុកកបារាយណ៍ និងដកហូតបានឈើផ្ដៀក និងឈើទាលចម្រៀក និងឈើពេញមួយឡាន ផងដែរ។

ម្ចាស់ឈើ និងឡានខាងលើ មានឈ្មោះស៊ុន វិចិត្រ ជាឈ្មួញល្បីឈ្មោះប្រចាំស្រុក ។ វត្ថុតាងខាងលើត្រូវបានរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ។

លុះនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤ រថយន្តប្រភេទបុកស័របែន(ច្នៃ)មួយគ្រឿងត្រូវសមត្ថកិច្ចបអាវុធហត្ថស្រុកបារាយណ៍ ឃាត់ចាប់តាមផ្លូវ បន្ទាប់ពីរថយន្តច្នៃខាងលើនេះបានទម្លាក់ឈើចោលនៅម្ដុំទំរីង។

ពាក់ព័ន្ធករណីខាងលើនេះ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកតាន់ គឹមសួរ បានសរសេរថា : ” នេះគឺជាលទ្ធផលដ៏ធំធេងមួយដែលខ្ញុំបានរុករកឃើញ ហើយបានស្នើសុំកម្លាំងសហការពីមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ រួមជាមួយថ្នាក់ខេត្តកំពង់ធំ បង្គ្រាបបាននូវបទល្មើសព្រៃឈើដ៏ធំនៅខេត្តកំពង់ធំ។ “។ទាំងនេះគឺសុទ្ធសឹងតែជាប្រភពឫសគល់នៃវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ (សុំទោសព្រៃឡង់ដែលខ្ញុំមកយឺតបន្តិច)។

ករណីទាំងនេះក៏ខ្ញុំបានធ្វើរបាយការណ៍ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដូចគ្នា ហើយក៏ទទួលបាននូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចផងដែរ ដើម្បីធ្វើយ៉ាងណាបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិនេះឲ្យមានប្រសិទ្ធភាព។ សូមផ្ដាំទៅមន្ត្រីដែលកំពុងតែសម្រួលលើករណីនេះឲ្យបានជ្រាបថា កុំព្រហើន!!! ប្រយ័ត្នសូម្បីតែតំណែងក៏មិនអាចរក្សាបាន ថែមទាំងជាប់ទោសជាជនក្បត់ជាតិទៅទៀត។ ដឹងទេថារាជរដ្ឋាភិបាលមិនចូលចិត្តអាណាដែលខូចទេ?