ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តសម្រេចធ្វើផ្ទះជូនឆាប់ៗដល់ស្ត្រីដែលរងគ្រោះដោយភ្លើងឆេះផ្ទះ

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ ក្រោយទទួលបានព័ត៌មាន ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ និងសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកអ៊ុ រាត្រី កាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៤ បានចាត់ឲ្យលោក ធូ ស៊ីភ័ណ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យដឹកនាំក្រុមការងារសហការជាមួយអនុសាខាស្រុកស្វាយចេក ចុះពិនិត្យផ្ទាល់គ្រួសារងាយរងគ្រោះចំនួន៣ គ្រួសារដែលផ្តល់ដោយសារព័ត៌មាន។

គ្រួសារទាំង៣ រស់នៅភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេកពិតប្រាកដមែន ។

១-គ្រួសារឈ្មោះ ញ៉ែម ធី ភេទស្រី អាយុ៦២ឆ្នាំ មានប្តី  មានកូនម្នាក់ក្នុងបន្ទុក បានរងគ្រោះដោយសារភ្លើងឆេះផ្ទះទាំងស្រុងកាលពីថ្ងៃទី៣០ ខែកក្កដា ហើយអនុសាខាស្រុកស្វាយចេកបានសួរសុខទុក្ខចែកអំណោយម្តងហើយ។ដោយស្ថានភាពក្រីក្រ​ មិនអាចសង់ផ្ទះបានទេ តាមការបញ្ជាក់ពីលោកមេភូមិបឹងស្នោរ អំពីស្ថានភាពដីលំនៅឋានគ្រួសារនេះគឺសាខាអាចសង់ផ្ទះជូនបាន។

ដូច្នេះសាខាកកាកបាទក្រហមកម្ពុជានឹងសាងសង់ផ្ទះជូនគាត់នាពេលឆាប់ៗខាងមុខនេះ និង២គ្រួសារទៀត មានជីវភាពក្រីក្រ ខ្វះខាតនិងគ្មានទីពឹង ដែលត្រូវផ្តល់ស្បៀងអាហារនិងសម្ភារ។

សូមរំលឹកថា កន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ តែងតែបានចូលរួមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋតាមបណ្តាក្រុង/ស្រុកឃុំសង្កាត់ផ្សេងៗ ធ្វើផ្ទះជូន និងមានកម្មវិធីប្រគល់ផ្ទះរួមនឹងអំណោយផ្សេងៗជាដើម៕