សន្ដិសុខសង្គម

យុវជន២នាក់បើកម៉ូតូពេលយប់ទៅបុ.កគោយន្តបត់ទទឹងផ្លូវបណ្ដាលឲ្យបាត់.បង់.ជីវិត

ដោយ៖បន្ទាយ

បន្ទាយមានជ័យ៖ យុវជន២នាក់បានស្លា.ប់ពេលយប់ជិះម៉ូតូក្នុងល្បឿនលឿនទៅបុកគោយន្តបត់ទទឺងត្រឡប់ពីដឹកស្រូវដែលគ្មានភ្លើងបំភ្លឺនិងបិទចំណាំងផ្លាត ។គ្រោះថ្នាក់នេះបានកើតឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៤ លើផ្លូវជនបទក្នុងភូមិខ្ទុំជ្រុំ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

យោងពលរដ្ឋមូលដ្ឋាននិងមន្ត្រីនគរបាលប៉ុស្តិ៍បានឲ្យដឹងថ្ងៃទី១៩ខែកញ្ញាថា: ជនរងគ្រោះដែលស្លាប់ភ្លាមៗដ៏រន្ធត់នោះ មាន៖ ១-ឈ្មោះម៉ៅ ព្រឹម ភេទប្រុសអាយុ១៦ឆ្នាំ មានលំនៅភូមិចកលិច ឃុំរហាត់ទឹក និង២-ឈ្មោះផៅ រី ភេទប្រុស អាយុ១៦ឆ្នាំ លំនៅភូមិចកកើត ឃុំរហាត់ទឹក។

ប្រភពបានបន្តថា: មុនកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានបើកបរនិងរួមដំណើរលើម៉ូតូម៉ាកងហុងដាអិនស៊ីអ៊ិច ពាក់ផ្លាកលេខបាត់ដំបង1P 3612 បានបើកបរពីលិចទៅកើតក្នុងល្បឿនលឿន ហើយទៅបុកខាងឆ្វេងរ៉ឺម៉កគោយន្តកន្ត្រៃទើបទម្លាក់ការុងស្រូវបានជាង១០ម៉ែត្រ ដែលបត់ទទឺងផ្លូវដោយគ្មានធ្វើសញ្ញា ហើយគ្មានភ្លើងបំភ្លឺនិងគ្មានបិទចំណាំងផ្លាត។ ជនរងគ្រោះបានស្លាប់ម្នាក់នៅកន្លែងកើតហេតុនិងម្នាក់ទៀតស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ ។

ប្រភពបន្តថា: បន្ទាប់ពីគ្រោះថ្នាក់ អ្នកបើកបរគោយន្តបានហក់ចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលនិងនគរបាលចរាចរណ៍ស្រុកបានទៅដល់កន្លែងកើតហេតុ ដោយវាស់វែងធ្វើកំណត់ហេតុ កសាងសំណុំរឿង ហើយនាំយកនូវគោយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕