ព័ត៌មានជាតិ

ខេត្តកំពតនឹងមានកង្ហារខ្នាតយក្សមួយគូនិងរូបសំណាកសំពៅដ៏ធំមួយគ្រឿង

ដោយ៖កំចាយ

កំពត÷ នាពេលខាងមុខ ខេត្តកំពតនឹងលេចឡើងនូវកង្ហារខ្នាតយក្សមួយគូសម្រាប់បំប្លែងភ្លើងប្រើលើស្ពានសាងសង់ថ្មីឆ្លងកាត់ព្រែកកំពង់បាយ ព្រមទាំងរូបសំណាកសំពៅមួយគ្រឿងដ៏ធំដែលមានភោជនីយដ្ឋាននៅខាងលើ។ នេះជាការបញ្ជាក់ឲ្យដឹងដោយថ្នាក់ដឹកនាំខេត្តក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា កន្លងមក រដ្ឋបាលខេត្តបានបង្កើតសមិទ្ធផលជាច្រើន ដូចជា៖ ឆ្នេរខ្សាច់កម្សាន្ត, សួនច្បារសាធារណ:, រូបសំណាកត្រីសេះសមុទ្របាញ់ទឹក, នាឡិកាខ្នាតធំនិងខ្ពស់ជាងគេជាដើម។ ជាមួយសមិទ្ធផលទាំងនោះបានធ្វើភ្ញៀវទេសចរជាតិ អន្តរជាតិ ថ្នាក់ដឹកនាំក្នុងនិងក្រៅប្រទេសចាប់អារម្មណ៍ក្នុងការមកកម្សាន្ត ហើយសិក្សាឈ្វេងយល់ពីអ្វីដែលមានក្នុងខេត្តកំពត។ ជាកម្មវិធីសម្រាប់ខែកញ្ញានេះ អគ្គរាជទូត និងអង្គទូតចំនួន១៨ប្រទេស ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាជាច្រើនរយនាក់បាន និងគ្រោងមកបំពេញការងារផ្សេងៗនៅខេត្តកំពត។

លោកអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកាន់តែច្រើនថែមទៀត រដ្ឋបាលខេត្តមានគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធមួយចំនួនដែលជាសមិទ្ធផលឯក និងជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពតតាមរយ:សំយោគជាមួយផ្នែកទេសចរណ៍។ ក្នុងនោះរដ្ឋបាលខេត្តនឹងសាងសង់ស្ពានវាងក្រុងឆ្លងព្រែកកំពង់បាយមួយខ្សែតាមរចនាបថខ្មែរបំពាក់ដោយថាមពលអគ្គិសនីបំប្លែងពីកង្ហារខ្នាតធំចំនួន២ ស្ថាបនារូបសំណាកសំពៅដ៏ធំមានភោជនីយដ្ឋានខាងលើ និងបង្កើតឆ្នេរសមុទ្រមុខកំពង់ផែទេសចរណ៍អន្តរជាតិជាដើម៕