ដោយ៖ ព្រះអង្គខ្មៅ
បាត់ដំបង÷ សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន ២នាក់ទៅតុលាការ ពាក់ព័ន្ធករណីលាក់កាំភ្លើង និងគ្រាប់បែកដៃ ក្នុងលំនៅដ្ឋាននៅស្រុកគាស់ក្រឡ។
នគរបាលជំនាញបានបង្ហើបឲ្យដឹងថា÷ បុរសទាំង ២នាក់ដែលរក្សាទុកនូវអាវុធខុសច្បាប់ខាងលើត្រូវកម្លាំងការិយាល័យជំនាញបញ្ចប់ការកសាងសំណុំរឿង និងបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤នេះ។
ជនជាប់សង្ស័យមានឈ្មោះជន ជឿម ភេទប្រុស អាយុ ៥៩ឆ្នាំ និងឈ្មោះសោម សុវណ្ណ ភេទប្រុស អាយុ ៤៤ឆ្នាំ ទាំង ២នាក់ស្នាក់នៅចំណុចអូរអាឡោក ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រក្សាទុកអាវុធខុសច្បាប់មិនដឹងមានគោលបំណងអ្វីឲ្យពិតប្រាកដ ចុងក្រោយនៅថ្ងៃទី ១១ ខែកញ្ញាថ្មីៗនេះត្រូវកម្លាំងមូលដ្ឋានស្រាវជ្រាវចុះអនុវត្តតាមច្បាប់តែម្តង។
អាវុធដែលដកហូតបានរួមមាន៖ កាំងភ្លើងប្រភេទ AK47 អត់ស្វាយមួយដើម គ្រាប់ក្នុងបង់ចំនួន ១២គ្រាប់ គ្រាប់នៅក្រៅបង់ចំនួន៣០គ្រាប់ កូនកាំបិតខ្លីមួយដើម និងគ្រាប់បែកដៃចំនួន២គ្រាប់ផងដែរ៕