កម្សាន្ដ

រដ្ឋបាលខេត្តកំពង់ធំជំរុញឲ្យមន្ទីរទេសចរណ៍ធ្វើយ៉ាងឲ្យខេត្តដែលមានសក្តានុពលទេសចរណ៍នេះសម្បូរភ្ញៀវមកទស្សនា

ដោយ : បន្ទាយ

កំពង់ធំ ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងជំរុញឲ្យមន្ទីរទេសចរណ៍ធ្វើយ៉ាងឲ្យខេត្តដែលមានសក្តានុពលទេសចរណ៍នេះសម្បូរភ្ញៀវមកទស្សនា។ ដោយឡែកវិស័យទេសចរណ៍ខេត្តកំពង់ធំ សូមមន្ទីរទេសចរណ៍ជំរុញនិងទាក់ទាញទាំងទេសចរជាតិ និងអន្តរជាតិមកទស្សនារមណីយដ្ឋានបេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ  តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍កែច្នៃឲ្យបានច្រើនឡើង។

នេះបើតាមមន្ត្រីសាលាខេត្តកំពង់ធំបានឲ្យដឹងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

នាឱកាសពិធីសំណេះសំណាល សួរសុខទុក្ខនិងពិនិត្យវឌ្ឍនភាពការងារនោះ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានអានរបាយការណ៍សង្ខេបអំពីស្ថានភាព និងវឌ្ឍនភាពការងារទេសចរណ៍សំខាន់ៗ ដែលមន្ទីរសម្រេចបានកន្លងមក។

លោក នួន ផារ័ត្ន បានបន្តទៀតថា : ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ យើងមានគំនិតផ្តួចផ្តើមនូវគោលដៅទេសចរណ៍ខេត្ត ត្រូវរៀបចំផែនការយុទ្ធសាស្រ្តសំខាន់ៗ ការសិក្សាលើទីតាំងតំបន់ទេសចរណ៍ដែលមានស្រាប់ ។ ដូចជាតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍បេតិកភណ្ឌ-វប្បធម៌ -ប្រវត្តិសាស្ត្រនិងទេសចរណ៍កែច្នៃ ដើម្បីធ្វើយ៉ាងណាឲ្យមានភ្ញៀវទេសចរជាតិនិងបរទេសមកទស្សនាឲ្យកាន់តែច្រើន៕