អន្តរជាតិ

អ៊ីរ៉ង់ប្រឆាំងយ៉ាងដាច់អហង្ការនឹងទណ្ឌកម្មរបស់លោកខាងលិចជុំវិញការផ្គត់ផ្គង់កាំជ្រួចឲ្យរុស្ស៊ីសម្រាប់វាយប្រហារអ៊ុយក្រែន

ប្រែសម្រួល៖ ស្រីនិច

អ៊ីរ៉ង់បានថ្កោលទោសការចោទប្រកាន់របស់បណ្តាប្រទេសលោកខាងលិចដែលមានអាមេរិកជាមេខ្លោងថា ខ្លួនបានផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយខ្លីដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន និងបានសន្យាថានឹងឆ្លើយតបទៅនឹងទណ្ឌកម្មថ្មីដែលដាក់ដោយប្រទេសចំនួន៣នៅអឺរ៉ុប។

រដ្ឋមន្ត្រីការបរទេសនៃទីក្រុង Tehran លោក Abbas Araghchi បាននិយាយកាលពីថ្ងៃពុធទី១១កញ្ញាថា អ៊ីរ៉ង់មិនបានបញ្ជូនកាំជ្រួចផ្លោងទៅឱ្យរុស្ស៊ីទេ ហើយថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងធ្វើសកម្មភាពលើការស៊ើបអង្កេត ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Nasser Kanaani បានហៅការដាក់ទណ្ឌកម្មដែលប្រកាសដោយចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ថាជា «ភេរវកម្មសេដ្ឋកិច្ច» ប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់ ហើយបានសន្យាថាប្រទេសទាំងបីនឹងប្រឈមមុខនឹង «សកម្មភាពសមស្រប និងសមាមាត្រ» ។

បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្ម បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់ជាផ្លូវការថា អ៊ីរ៉ង់ជាអ្នកផ្គត់ផ្គង់អាវុធដល់ទីក្រុងមូស្គូ។

វិធានការនេះលុបចោលកិច្ចព្រមព្រៀងទ្វេភាគីសម្រាប់ការផ្តល់សេវាផ្លូវអាកាសដល់ប្រទេសអ៊ីរ៉ង់ និងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់អ៊ែរ ដែលនឹងរឹតបន្តឹងលទ្ធភាពហោះហើរទៅកាន់អឺរ៉ុប។

ប្រទេសទាំងបីបាននិយាយថា «លើសពីនេះ យើងនឹងបន្តចាត់ការអង្គភាពសំខាន់ៗ និងបុគ្គលដែលពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ និងការផ្ទេរមីស៊ីលផ្លោង និងអាវុធផ្សេងទៀតទៅកាន់ប្រទេសរុស្ស៊ី»៕