ព័ត៌មានជាតិ

តែងតាំងអភិបាលស្រុកបាធាយជាអភិបាលរងខេត្តកំពង់ចាម

 ដោយ៖ គង់ហេង

កំពង់ចាម៖ រាជរដ្ឋាភិបាលបានសម្រេចតែងតាំងលោក ផេន សុផល ដែលជាអភិបាលស្រុកបាធាយ ឡើងជាអភិបាលរងខេត្តកំពង់ចាម ជំនួសតំណែងឯកឧត្តម ចាន់ ផល្លី ដែលត្រូវដល់អាយុចូលនិវត្តន៍។ ដោយពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តកំពង់ចាមនេះបានប្រព្រឹត្តទៅនៅសាលាខេត្តនេះនារសៀលថ្ងៃទី ១០ កញ្ញា។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ស្វាគមន៍ថា៖ សូមសម្តែងការចូលរួមអបអរសាទ ឯកឧត្តម ផេន សុផល ដែលត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តកំពង់ចាមនាពេលនេះ។ ឯកឧត្តម ផេន សុផល ជាមន្ត្រីបន្តវេនវ័យក្មេង ដែលមានចំណេះដឹង និងបទពិសោធនៅមូលដ្ឋានរយៈពេល ១៨ឆ្នាំ ធ្លាប់ជាអភិបាលនៃគណៈអភិបាលស្រុកកោះសូទិន និងស្រុកបាធាយ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមមានប្រសាសន៍បន្តថា៖ ដោយមើលឃើញពីសមត្ថភាព និងសក្តានុពលរបស់មន្ត្រីបន្តវេន និងដោយមានការចង្អុលបង្ហាញពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម គណៈអភិបាលខេត្ត បានស្នើបេក្ខភាព ឯកឧត្តម ផេន សុផល ទៅក្រសួងមហាផ្ទៃ និងចុងក្រោយទទួលបានការតែងតាំងពីប្រមុខរាជរដ្ឋាភិបាល ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមជំនួសឯកឧត្តម ចាន់ ផល្លី ដែលចូលនិវត្តន៍។

ជាមួយនោះឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា៖ ក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្តមសូមផ្តាំផ្ញើឯកឧត្តមអភិបាលរងខេត្តថ្មី ដែលទើបទទួលការតែងតាំងមុខតំណែង ត្រូវប្រកាន់ខ្ជាប់ នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ អាជ្ញាធរមូលដ្ឋាន និងចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ អនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយមនសិការ វិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់។ ជាពិសេសត្រូវពង្រឹងកិច្ចការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាក់ស្តែងដូចជាការបំផុសចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលាផងដែរ៕